(កំពង់ធំ)៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤លោក សៀង ម៉ាប់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារជំនាញការិយាល័យផ្គត់ផ្គង់ទឹកស្អាតជនបទ កម្មវិធីប្រកួតជើងឯក អនាម័យឃុំ ក្នុងស្រុកប្រាសាទបល្ល័ង្ក វគ្គទីពីរ។
កម្មវិធីប្រកួតជើងឯកអនាម័យឃុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក សៀង ម៉ាប់ អភិបាលរងស្រុកប្រាសាទបល្ល័ង្ក លោកស្រីតំណាងអង្គការ វ័តធីអេដ RTI និងអង្គការទស្សនៈពិភពលោកប្រចាំនៅកម្ពុជា ព្រមទាំងប្រធាន អនុប្រធានការិយាល័យជំនាញចំណុះរដ្ឋបាលស្រុក លោកមេឃុំទាំង៧ សមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ អនុភូមិ និងជំនួយការភូមិ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងស្រុកប្រាសាទសំបូរ និងក្រុមការងារដែលជាអ្នកទទួលបន្ទុកការងារវិស័យទឹកស្អាត និងអនាម័យជនបទ សរុបអ្នកចូលរួមចំនួន៣៤នាក់ ស្រី១៨នាក់លោកអភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានបង្ហាញពីគោលបំណង នៃការប្រកួតជើងឯកអនាម័យឃុំនេះ គឺដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋានភូមិ ឃុំ មានចំណេះដឹងលើការងារវិស័យទឹកស្អែកនិងអនាម័យជនបទ និងការប្រមូលទិន្នន័យទឹកស្អាតប្រកបដោយភាពត្រឹមត្រូវ និងជាក់លាក់ សម្រាប់គ្រប់គ្រងលើការងារផ្គត់ផ្គង់ទឹកស្អាតជនបទ ក្នុងការចូលរួមចំណែកការកែលម្អសុខភាព និងលក្ខខណ្ឌរស់នៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរ។
លោកអភិបាលរងស្រុក បានបញ្ជាក់ថាជាលទ្ធផលក្នុងការប្រកួតក្នុងកម្មវិធីប្រកួតជើងឯកអនាម័យឃុំនេះ មានការប្រកួតប្រជែងក្នុងវគ្គទី១ ដែលក្នុងនោះមានប្រាំពីរឃុំក្នុងស្រុកប្រាសាទបល្ល័ង្ក ដែលបានចូលរួមប្រកួតប្រជែង រួចមកហើយ ក្នុងនោះយើងសង្កេតឃើញថាឃុំដែលទទួលបានជ័យលាភីគឺ ឃុំដូងលេខ១ ឃុំក្រយាលេខ២ និងឃុំផាន់ញើមលេខ៣ ក្នុងចំណោមឃុំទាំងប្រាំពីរក្នុងស្រុក រីឯការប្រកួតជើងឯកអនាម័យវគ្គទីពីរនេះគឺមាន៤ឃុំ ក្នុងនោះយើងសង្កេតឃើញឃុំដែលទទួលបានជ័យលាភីគឺ ឃុំសាមគ្គីលេខ១ ឃុំសាលាវិស័យលេខ២ សាគ្រាមលេខ៣។ ដោយឡែកស្រុកប្រាសាទសំបូរ គឺឃុំតាំងក្រសៅទទួលជ័យលាភីលេខ១។
លោក សៀង ម៉ាប់ អភិបាលរងស្រុក បានលើកឡើងពីការងារវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ក្នុងនោះលោកក៏បានជំរុញឲ្យតាមបណ្ដាឃុំទាំងអស់ក្នុងស្រុកយកចិត្តទុកដាក់ដើម្បីសម្រេចបានលើគោលដៅនិងផែនការសម្រាប់អនុវត្តក្នុងការងារវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ក្នុងការអនុវត្តឱ្យមានភាពល្អប្រសើរនិងទទួលបានលទ្ធផលល្អ ដើម្បីឈានទៅរកភាពជោគជ័យក្នុងពេលប្រកាសស្រុកជា ODF ឆាប់ៗនាពេលខាងមុខ ម្យ៉ាងទៀតនៅតាមសហគមន៍ត្រូវចូលរួម សំអាតអនាម័យ និងបរិស្ថាន នៅតាមភូមិរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ ធ្វើឲ្យសហគមន៍យើងមានសោភ័ណភាពនិងស្រស់បំព្រង ពិសេសនៅតាមសាលារៀននិងអង្គភាពនានាត្រូវចូលរួមសម្អាតអនាម័យនិងបរិស្ថានជាប្រចាំ ដើម្បីជៀសវាងនូវការឆ្លងនូវជំងឺផ្សេងៗ។
សូមបញ្ជាក់ផងដែរថា ការប្រកួតជើងឯកអនាម័យឃុំ វគ្គទី២នេះបានប្រព្រឹត្តទៅដោយរលូន និងមានកិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋាន និងក្រុមការងារជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នឹងអង្គការដៃគូសហការ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទស្នាលបំផុត៕ អត្ថបទ វេហាស៍