ឯកឧត្ដម អ៊ុន ចាន់ដា ថ្លែងថា វគ្គអប់រំនយោបាយ របស់គណបក្ស ជាការងារចាំបាច់ សម្រាប់មន្ត្រីគណបក្ស យកបន្តអនុវត្ត និងកសាងខ្លួន ដើម្បី បំរើសេវាផ្សេងៗ ជូនពលរដ្ឋ

0

កំពង់ចាម​:​ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម​ បានថ្លែងថា​ វគ្គអប់រំនយោបាយ របស់គណបក្ស ជាការងារចាំបាច់ សម្រាប់មន្ត្រីគណបក្សគ្រប់រូប គ្រប់ថ្នាក់ យកទៅបន្តអនុវត្ត និងកសាងខ្លួន ព្រមទាំង ប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ របស់មន្ត្រីគណបក្ស ដើម្បី ឲ្យសក្ដិសមជាមន្ត្រីគណបក្សទុកចិត្ត ក្នុងការបំរើនូវសេវាផ្សេងៗ តាមស្ថាប័នរដ្ឋ ជូនប្រជាពលរដ្ឋ​ ។ ថ្លែងបែបនេះ​ក្នុងពិធីបិទវគ្គអប់រំនយោបាយ របស់គណបក្សកម្រិត ១ ជំនាន់ទី២៦ ដែលរៀបចំដោយ ស្នាក់ការគណបក្ស ខេត្តកំពង់ចាម នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា​ ការរៀនសូត្រនេះ នឹងផ្ដល់ឲ្យសិក្ខាកាម នូវចំណេះដឹងលើផ្នែកនយោបាយ សតិអារម្មណ៍ និងការងារចាត់តាំង ឲ្យកាន់តែរឹងមាំ សម្រាប់យកទៅប្រើប្រាស់ ក្នុងការអនុវត្តជាក់ស្ដែង ក្នុងការងារជំនាញក្នុងងអង្គភាពរបស់ខ្លួន ក៏ដូចជា ការងារពង្រឹងសមាជិកគណបក្ស នៅតាមមូលដ្ឋាន មន្ទីរ អង្គភាព ផងដែរ ។ ទន្ទឹមនឹងនោះ វគ្គអប់រំនេះ នឹងបានចូលរួមចំណែក ដល់ការអនុវត្តនូវកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ លក្ខន្តិកៈ និងសេចក្ដីសម្រេចចិត្តនានា របស់គណបក្ស ហើយក៏ជា អាវុធមួយ សម្រាប់យកទៅប្រើប្រាស់ ក្នុងការវាយបក លើសមភូមិនយោបាយ សតិអារម្មណ៍ និងនយោបាយសាធារណមតិ សង្គ្រាមចិត្តសាស្ត្រ ការឃោសនា ប្រជាភិថុតិ បោកប្រាស់ របស់ពួកអគតិ មកលើគណបក្សប្រជាជន ក៏ដូចជា រដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ផងដែរ ។

ជាមួយគ្នានោះ​ ឯកឧត្ដមប្រធានគណៈកម្មាធិការគណបក្សខេត្ត ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអត្តចរឹតល្អថ្លៃថ្នូរ ដើម្បី ធ្វើជាបុគ្គល ដែលផ្ដល់នូវឧត្ដមប្រយោជន៍ប្រជាជន ខិតខំបំរើសេវាជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក៏ដូចជា នៅតាមមន្ទីរ អង្គភាព នីមួយៗ ឲ្យកាន់តែល្អប្រសើរឡើង ដើម្បី ឆ្លើយតបទៅនឹងទិសដៅ របស់គណបក្ស និងរាជរដ្ឋាភិបាល ។

គួរបញ្ជាក់ថា​ វគ្គអប់រំនយោបាយកំរិត ១ របស់គណបក្ស ជំនាន់ទី ២៦ មានគោលបំណង ដើម្បី បង្កើនការយល់ដឹង របស់មន្ត្រីគណបក្សគ្រប់រូប ដោយមានមូលដ្ឋានត្រឹមត្រូវអំពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ។ យល់ច្បាស់អំពីចំណុចសំខាន់ៗ នៃភាពការណ៍កម្ពុជា និងភារកិច្ចធំៗរបស់គណបក្ស តាមដំណាក់កាលនីមួយៗ តាំងពីពេលប្រទេសជាតិ បានរំដោះរួច ផុតពីរបបអាណានិគម និងរបបប្រល័យពូជសាសន៍ រហូតដល់បច្ចុប្បន្ន ។ និងក្ដាប់ជាប់តួនាទីដ៏សំខាន់ ជាគន្លឹះមិនអាចបំភ្លេចបាន របស់មន្ត្រីគណបក្ស ដើម្បី សម្រេចបាននូវបុព្វហេតុដ៏ឧត្ដុង្គឧត្ដម របស់គណបក្ស ។ វគ្គអប់រំនេះ មានរយៈពេល ២ថ្ងៃ (ថ្ងៃទី១០ ដល់ ១១ ខែសីហា ឆ្នាំ២០២៤ ។ ផ្ដោតលើខ្លឹមសារមេរៀន ចំនួន ៥ និងមានសិក្ខាកាមចូលរួម សរុបចំនួន ១៥៥នាក់ ស្រី ៣៣នាក់ អញ្ជើញមកពី ៖ មន្ទីរ អង្គភាព កងកម្លាំង និងរដ្ឋបាលក្រុង ស្រុក សរុបចំនួន ១៥៥នាក់ ស្រី ៣៣នាក់ ៕