ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកឆែប បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្ដសុវណ្ណគីរី

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកឆែប លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា រួមលោកស្រីជាភរិយា បានអញ្ជើញដឹកនាំក្រុមការងារ នាំយកទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន មកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្ដសុវណ្ណគីរី (ហៅវត្ដឆែប) នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ នាគ្រានោះ ក៏មានការនិមន្ត និងចូលរួមពី ព្រះគ្រូចៅអធិកាវត្ត ព្រះសង្ឃដែលគង់ចាំត្រីមាសក្នុងពុទ្ធសីមា និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត តាជី យាយជី ជាច្រើនអង្គ/នាក់ ផងដែរ។

ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ដែលត្រូវប្រគេនថ្វាយព្រះសង្ឃ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ រួមមាន៖ ទៀនព្រះវស្សា ១គូ ,ទឹកក្រូច ៥កេស ,ទឹកបរិសុទ្ធ ៥កេស ,ទឹកស៊ីអ៊ីវ ៥យួរ ,មី ៥កេស ,ត្រីខកំប៉ុង ២កេសធំ ,អំបិល ៥០គីឡូក្រាម ,ខ្ទឹមសរ ៥គីឡូក្រាម ,ប៊ីចេង ៥គីឡូក្រាម ,អង្ករ ១០០គីឡូក្រាម ,ប្រេងម៉ាស៊ូត ៣០លីត្រ និងប្រគេនបច្ច័យទុកសម្រាប់កសាង ចំនួន  ៥លាន ៤សែន ៤ម៉ឺន ៥ពាន់រៀល ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែងថា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ដែលបាននាំយកមកប្រគេនព្រះសង្ឃនៅក្នុងពេលនេះ គឺបានកើតចេញពីសទ្ធាជ្រះថ្លារបស់ក្រុមការងារគ្រប់ៗរូប ដើម្បីចូលរួមទ្រទ្រង់ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាជាទីសក្ការៈ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែង រំលឹកពីគុណបំណាច់ដ៏ធំធេងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាបិតាស្ថាបនិកនយោបាយឈ្នះឈ្នះ និងបាននាំមកនូវសន្តិភាពពេញលេញ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ហើយប្រសិនបគ្មានសន្តិភាពនេះទេ ក៏ប្រហែលជាគ្មានវិស័យព្រះពុទ្ធសាសនា វត្តអារាម និងក៏គ្មានព្រះសង្ឃគ្រប់ព្រះអង្គ ដូចពេលនេះទេ។ ហើយនយោបានឈ្នះឈ្នះនេះ បានបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាអាណត្តិទី៧នេះ បានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។

លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត គ្រហស្ថ ព្រះសង្ឃគ្រប់អង្គ តាជី និងយាជី សូមកុំជឿលើពាក្យញុះញង់របស់ក្រុមអគតិ ក៏ដូចក្រុមប្រឆាំងក្រៅស្រុកមួយចំនួនតូច ដែលបានវាយប្រហារ មួលបង្កាច់ បង្ខូច រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណមាស កម្ពុជា វៀតណាម និងឡាវ CLV នាប៉ុន្មានថ្ងៃកន្លងមកនេះ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែង អំណរគុណ ចំពោះប្រជាពលរដ្ឋខេត្តព្រះវិហារ ជាពិសេសប្រជាពលរដ្ឋស្រុកឆែប ដែលបានជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាជាតិ នាពេលបច្ចុប្បន្ន និងបន្តដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីកម្ពុជា នាអាណត្តិទី៧នេះ៕ ដោយ៖ឡុង សំបូរ