ខេត្តព្រះវិហារ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះវិហារ បានបញ្ជូនក្មេងទំនើងមួយក្រុមមានគ្នា ៨នាក់ ដេញកាប់គ្នាបង្កចលាចល ធ្វើឱ្យមានការព្រួយបារម្ភ និងភ័យខ្លាចពីអសន្តិសុខ ពីសំណាក់ប្រជាពលរដ្ឋ ទៅតុលាការខេត្តព្រះវិហារ នោះហើយ នៅម៉ោង ៣រសៀល ថ្ងៃទី១២សីហា២០២៤ និងក្រោយការចុះស្រាវជ្រាវបង្ក្រាបពីកម្លាំងសមត្ថកិច្ច កាលពីថ្ងៃទី១០សីហា២០២៤ ស្ថិតនៅក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត។
នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលខេត្តព្រះវិហារ លោកវរសេនីយ៍ឯក គង់ គា បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា នៅក្នុងប្រតិបត្តិការចុះស្រាវជ្រាវ បង្ក្រាបមុខសញ្ញាក្មេងទំនើងមួយក្រុម ដែលបានធ្វើសកម្មភាពស្ទាក់គប់ទឹកសុទ្ធ ទៅលើអ្នកដំណើរពីរនាក់ ដែលជាដៃគូធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក ហើយបានដេញកាប់ និងវាយតប់គ្នាពេញដងផ្លូវ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យព្រួយពីសុវត្ថិភាពផ្ទាល់ខ្លួននោះ កម្លាំងសមត្ថកិច្ចជំនាញ ដោយទទួលបានបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានចុះអនុវត្តនីតិវិធី ដោយឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានគ្នា ៨នាក់ បញ្ជូនមកធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក គង់ គា បានឱ្យដឹងទៀតថា ក្រោយការសាកសួរ ជនសង្ស័យទាំង ៨នាក់ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកខ្លួនពិតជាបានយកទឹកសុទ្ធគប់ទៅលើក្មេងដែលជិះម៉ូតូពីរនាក់ និងបាននាំគ្នាស្ទាក់កាប់ រួចវាយបណ្តាលឱ្យរងរបួស និងខូចខាតម៉ូតូពិតប្រាកដមែន ដោយមូលហេតុ ពួកខ្លួនធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក។
លោកវរសេនីយ៍ឯក គង់ គា បានបញ្ជាក់ថា ក្រោយទទួលបានចម្លើយសារភាពរួចមក នៅម៉ោង៣ រសៀលថ្ងៃទី១២សីហា២០២៤នេះ កម្លាំងការិយាល័យនគរបាលជំនាញខេត្ត បានកសាងសំណុំរឿងតាមនិតិវិធី និងបានបញ្ជូនខ្លួនមុខសញ្ញាទាំង៨នាក់នោះ ទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ឡុង សំបូរ