រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងនគររូបនីយកម្មនិងសំណង់ សន្យាដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យបានផលប្រយោជន៍ផងនិងការពារប្រាសាទបុរាណដែលជាមរតកដូនតា

0

សៀមរាប: ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តម សាយ សំអាល់ បានសន្យាថានឹងប្រឹងប្រែងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជាច្រើន ដែលកំពុងតែរស់នៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ ឱ្យទទួលបានផលប្រយោជន៍ជាមួយជីវភាពប្រសើរផង និងការពារនូវប្រាសាទបុរាណនានា ដែលជាកេរ្តិ៍ដំណែល របស់ដូនតាខ្មែរ ឱ្យគង់វង្សនិងមានតម្លៃលេចធ្លោជាសកលនៅលើពិភពលោកផង។
ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់នេះ បានធ្វើឡើងនៅក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ)នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៣ខែសីហាឆ្នាំ២០២៤។
គួរបញ្ជាក់ថាចាប់តាំងតែពីថ្ងៃទី១២ខែសីហាមក ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានរៀបចំធ្វើសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ)ដោយមានមន្ត្រីអាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ព្រមទាំងព្រះសង្ឃនិងប្រជាពលរដ្ឋ មកចូលរួមផងដែរ។
បច្ចុប្បន្ននេះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា គឺតែងតែអនុវត្តន៍ច្បាប់ជាប្រចាំលើការទប់ស្កាត់ការទន្ទ្រានដីធ្លីធ្វើជាកម្មសិទ្ធិឯកជន និងទប់ស្កាត់ការកើនឡើងនូវសំណង់ខុសច្បាប់មិនឱ្យរីករាលដាល។
ក៏ប៉ុន្តែជាញឹកញាប់ ប្រជាពលរដ្ឋខ្លះ តែងបង្ហាញការមិនសប្បាយចិត្ត ជាមួយវិធានការរបស់អាជ្ញាធរជាតិអប្សរាទេដោយសារតែពេលពួកគាត់ចង់សាងសង់ផ្ទះបន្ថែម ការធ្វើរបងការពារផលដំណាំនិងធ្វើ ផ្លូវចូលផ្ទះមិនបានជាដើម។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា លោកទទួលស្គាល់ថាការៀបចំ ដើម្បីការពាររមណីយដ្ឋានអង្គរ គឺមានបញ្ហាជាច្រើនជាមួយនិងប្រជាពលរដ្ឋខ្លះ ដែលរស់នៅក្នុងតំបន់ការពារទាំងនោះ ក៏ប៉ុន្តែទោះបីជាយ៉ាងណា គឺត្រូវតែការពារប្រាសាទបុរាណទាំងឡាយ ដែលជាកេរ្តិ៍មត៌ដូនតាខ្មែរ ឱ្យបានគង់វង្សបានយូរអង្វែងនិងមានសោភ័ណភាព។
ឯកឧត្តម សាយ សំអាល់ បានសុំពេលមួយរយៈ ដើម្បីដោះស្រាយចំពោះបញ្ហាប្រឈមនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចទទួលបានផលប្រយោជន៍ផង ហើយកិច្ចការពារតំបន់អង្គរឱ្យមានប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ការរុករានដីធ្លី និងការរីករាលដាលនៃសំណង់ខុសច្បាប់ ក្នុងតំបន់ការពារបេតិកភណ្ឌរបស់ពិភពលោក បានដោយជោគជ័យផង៕