អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពខ្វះខាតទឹក ដើម្បីស្វែងរកដំណោះស្រាយជួយសង្គ្រោះ ដំណាំស្រូវ ជាង​៣០០ហិកតា​ នៅស្រុកជើងព្រៃ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពខ្វះខាត ទឹក ដើម្បីស្វែងរក​ដំណោះស្រាយជួយសង្គ្រោះដំណាំស្រូវ របស់ប្រជាកសិករ ជាង​៣០០ហិកតា​ នៅ​ក្នុងស្រុកជើងព្រៃ បន្ទាប់ពីជួបប្រទះនូវ​បញ្ហាគ្រោះដាំងស្ងួតក្នុងរដូវបង្កបង្កើនផលនេះ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងការចុះពិនិត្យការ បង្កបង្កើនផលរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រឃុំ​ត្រពាំងគរ ឃុំសំពងជ័យ ឃុំស្តើង ជ័យ និងឃុំព្រីងជ្រុំ នៃស្រុកជើងព្រៃ តែងតែជួបប្រទះនឹងគ្រោះរាំងស្ងួត ខ្វះខាតទឹកប្រើប្រាស់ សម្រាប់សត្វពាហនៈ និងការបង្កបង្កើនផល ដោយសារភូមិសាស្ត្រនេះ នៅឆ្ងាយពីប្រភពទឹក​ បណ្ដាល​ឱ្យ​រងផលប៉ះពាល់​ដល់​ដំណាំស្រូវ​ ទំហំ ៣២៧ហិចតា និង​ខូចខាត​ប្រមាណ​ជា​ ៤០ហិកតា​ ផងដែរ​ ។​

ក្នុងឱកាសនោះដែរ​ ឯកឧត្ដមអភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​ឱ្យ​បើកប្រភពទឹកចេញពី តំបន់ទឹកឆា ក្នុងស្រុកព្រៃឈរ និងធ្វើការស្តារប្រឡាយចាស់ៗ ដើម្បី សម្រួល​ឱ្យទឹកហូរមកដល់តំបន់​ក្នុង​ភូមិសាស្ត្រ​ទាំង៤ ឃុំ​ខាងលើនេះ ឱ្យ​ប្រជាពលរដ្ឋបានទឹកប្រើប្រាស់ ។ ចំពោះតំបន់ដែលមានស្រូវខូចខាត អាជ្ញាធរខេត្តបានត្រៀមស្រូវពូជ សម្រាប់ផ្តល់ជូន ប្រជាពលរដ្ឋធ្វើការដាំដុះឡើងវិញផងដែរ។

ពាក់ពន្ធ័​នឹង​ការងារបង្កបង្កើនផល​នៅ​ទូទាំង​ខេត្តកំពង់ចាម​ ស្រូវវស្សា អនុវត្តបាន ចំនួន ៩៣.៤០៦ ហ.ត ស្មើនឹង ១០៧,៩៨% នៃផែនការ ៨៦.៥០០ហ.ត លឿនជាង ឆ្នាំមុន ៣.៣៣៥ហ.ត។ ជាមួយនេះដែរ ដំណាំស្រូវវស្សាបាន ចាប់ផ្តើមប្រមូលផលលើផ្ទៃដីសរុប ចំនួន ៤.៨១៨ហ.ត ទទួលបានទិន្នផល ៤,០៥តោន ស្មើនឹង៥,១៦%។ ចំពោះការបង្កបង្កើនផល ដំណាំរួមផ្សំរដូវវស្សា អនុវត្តការដាំដុះ បាន ចំនួន ៤៤.៧០១ហ.ត ស្មើនឹង ៨៩,៩២% នៃផែនការ ៤៩.៧១០ហ.ត ។ ចំពោះការប្រមូលផលដំណាំរួមផ្សំរដូវវស្សា បានចំនួន ៧.៣១៣ហ.ត ស្មើនឹង ១៦,៣៦%នៃផ្ទៃដីអនុវត្ត ៕

គួរបញ្ជាក់ថា​ ក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ ចុះពិនិត្យស្ថានភាពខ្វះខាតទឹក ដើម្បីស្វែងរក​ដំណោះស្រាយជួយសង្គ្រោះដំណាំស្រូវ របស់​ប្រជាពលរដ្ឋ​យើង​ ក្នុង​ឃុំសណ្ដែក និងឃុំត្រប់ នៃស្រុកបាធាយ​ ផងដែរ​ ៕