(កំពង់ធំ)÷លោក ប៊ី សុភាព អភិបាលរងក្រុងស្ទឹងសែន បានលើកឡើងថា រាល់ការដេញថ្លៃគម្រោងមូលនិធិសង្កាត់ ត្រូវធ្វើឡើងជាសាធារណៈ ឱ្យមានតម្លាភាព និងលុបបំបាត់ ឱ្យខាងតែបាន ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកា សម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន។
លោកអភិបាលរងក្រុងមានប្រសាសន៍លើកឡើងដូចនេះ ក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងពិធីដេញថ្លៃគម្រោងធ្វើផ្លូវមូលនិធិសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរក្រុង គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
លោកបានស្នើឱ្យតំណាងក្រុមហ៊ុនទាំងអស់ ដែលចូលរួមក្នុងការដេញថ្លៃសូមឱ្យមានការដេញថ្លៃដោយសិរី និងយុត្តិធម៌ ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញ ថ្លៃត្រូវឱ្យមានតម្លាភាព និងការសាងសង់ផ្លូវ ធ្វើឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស មានភាពរឹងមាំ គង់វង្សយូរអង្វែង។
លោក ប៊ី សុភាព បានសង្កត់ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីឱ្យមាន តម្លាភាព និងចៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការនីតិវិធី ដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឱ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកប្រាក់សេវា។ ចំពោះអ្នកទទួលការដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរពឱ្យបានត្រឹមត្រូវ ទៅតាមលក្ខណៈ បច្ចេកទេស និងរយៈពេលកំណត់នៃកិច្ចសន្យា។
លោក ហេង សុចិន្តា ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន បានឱ្យដឹងថា ចំពោះគម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ សង្កាត់ដំរីជាន់ខ្លា បានដាក់ដេញថ្លៃគម្រោងកែលម្អផ្លូវគ្រួសក្រហមប្រវែង៣០០០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់គ្រួស ០,១៥ម៉ែត្រ លូទោលអង្កត់ផ្ចិត១ម៉ែត្រ ០១កន្លែង លូភ្លោះអង្កត់ផ្ចិត១ម៉ែត្រ ០១កន្លែង និងស្លាកសញ្ញាគម្រោងចំនួន១ផ្ទាំង ដោយមានក្រុមហ៊ុនចំនួន៩ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន អ៉ឹម ស៊ឹមអឿន ក្នុងតម្លៃទឹកប្រាក់២៧.២០០.០០០រៀលគត់។
លោក ខៀវ ប៉ាង នាយកទីចាត់ការខេត្តកំពង់ធំ បានផ្ដាំផ្ញើ ចំពោះអាជ្ញាធរសង្កាត់ទាំង៨ក្នុង ក្រុងស្ទឹងសែន ត្រូវពង្រឹងភាពទទួលខុសត្រូវនៃការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ បន្ថែមទៀត លើភាពជោគជ័យជាបន្តបន្ទាប់ដែលសម្រេចបាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដឹងឮ រាល់កិច្ចការងារអភិវឌ្ឍគម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន៕