ខេត្តកំពង់ធំ ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ប្រកាសផ្សព្វផ្សាយ គាំទ្រសារសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ពន្យល់បន្ថែមអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ ជាការគ្រប់គ្រងរបស់ប្រទេសនីមួយៗ ដើម្បីពន្លឿនដល់ការអភិវឌ្ឍន៍ជាមួយប្រទេសជិតខាង ដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំមេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ និងប្រឆាំងក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។
បើទោះបីក្រុមជ្រុលនិយមខិតខំឃោសនា បំផុសបំផុលញុះញង់ បំភ្លៃការពិត ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម ថាជាការប្រគល់ដីឲ្យទៅប្រទេសជិតខាង ក្នុងនោះដឹកនាំរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធនានាបានពន្យល់ការពិតយ៉ាងណាក្តី ក៏ពួកគេនៅតែមានគោលបំណងក្នុងការញុះញង់ចលនាបះបោរ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្លែងថា មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងយោធិនគ្រប់រូប ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឲ្យបានរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ នឹងត្រូវត្រៀមខ្លួន ព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីកំចាត់ចោលជនទាំងឡាយណា ដែលមានគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនប្រជាធិបតេយ្យ ទោះបីក្នុងតម្លៃណាក៏ដោយ ។
ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការ គ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្រកាសគាំទ្រយ៉ាងពេញទំហុឹងនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងបានប្ដេជ្ញាចិត្តដាច់ខាត គោរពប្រតិបត្តិតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ដោយ ប៊ុន រដ្ឋា