កងទ័ពជាសរសៃឈាមរបស់រាជរដ្ឋាភិបាលចាំបាច់ត្រូវហ្វឹកហ្វឺនលុតដំបំប៉នជំនាញទាំងសុខភាព.គុណភាព.​តួនាទីភារកិច្ច​ វិគោរពន័យ និងសេចក្ដី​ថ្លៃថ្នូរ​របស់​កងយោធពលខេមរភូមិន្ទ​

0

កំពង់ធំ ៖  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងកំពង់ធំ បានលើកឡើងដូច្នេះ ក្នុងនាមជាកងយោធពលខេមរភូមិន្ទ​ និងក្នុងនាមជាកងទ័ព គឺប្រៀបបានទៅនិងសរសៃឈាម របស់រាជរដ្ឋាភិបាល ត្រៀមខ្លួនជានិច្ចក្នុងការទទួលភារកិច្ច អនុវត្តតាមបទបញ្ជាពីថ្នាក់លើ ដូច្នេះត្រូវមានសុខភាពល្អ និងមានគុណភាព ទាំងចំណេះដឹង តួនាទីភារកិច្ច គោរពវិន័យ និងសេចក្ដី​ថ្លៃថ្នូរ​របស់​កងយោធពលខេមរភូមិន្ទ ប្រសាសន៍ត្រូវបានលើកឡើងក្នុងពិធី ចុះសួរសុខទុក្ខ សិក្ខាកាមនៃបញ្ជាការដ្ឋាន​​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងទីលានហ្វឹកហ្វឺនហាត់ ទីបញ្ជាការ​កងវរសេនាតូចលេខ១ ស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ  នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ។​

លោកវរសេនីយ៍ទោថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូចលេខ១ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាការគ្រប់គ្រងវគ្គហ្វឹកហ្វឺន បានបញ្ជាក់ថា នេះគឺជាការ ហ្វឹកហ្វឺនរៀនសូត្រពង្រឹងនាយទាហាន នាយទាហានរង  និងពលទាហាន ប្រចាំឆ្នាំ​២០២៤  រយៈពេល១ខែនេះ គឺទទួលលទ្ធផលល្អ ទាំងខ្លឹមសារហ្វឹកហ្វឺនរៀនសូត្រ និង​ការស្នាក់នៅ ក្នុងនោះមានប្រាក់ឧត្ថម្ភបំប៉នហ្វឹកហ្វឺនរបស់សម្តេចតេជោ ហ៊ុន  សែន និងការជួយឧប្ថម្ភម្ហូបអាហារបន្ថែមពីតាម​បណ្តាកងឯកភាពនៅផ្នែកសឹករងក្រុងស្រុក ទាំង៩ ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាក់បន្ថែមថា ក្នុងនាមជាកងទ័ព ត្រូវតែក្លាហានមុះមុត ហាត់ពត់លុតដំខ្លួន ឲ្យមានគុណភាព ទាំងសុខភាពរាងកាយ ទាំងយុទ្ធសាស្រ្តកងទ័ព ព្រមទាំងក្រេបជញ្ជក់ចំណេះដឹងផ្សេងៗ ដូច្នេះសិក្ខាកាមទាំងអស់ត្រូវស្តាប់គ្រូយោធាចារ្យបង្រៀន  និងរៀនសូត្រ តាមផែនការដែលថ្នាក់លើ​បានប្រគល់ជូន ទី១មានស្មារតីទទួលខុសត្រូវឲ្យទទួលបានលទ្ធផលល្អ  ទី២ =​ ត្រូវត្រៀមបម្រុងកម្មវិធី​ហ្វឹកហ្វឺន​យុទ្ទដំណើរទ័ព​មុនពេលកម្មវិធីបិទហ្វឹកហ្វឺន មានចម្ងាយផ្លូវពី១៥​ទៅ២០គីឡូម៉ែត្រ នៅក្នុងតំបន់ព្រៃឡង់  ។  ទី៣ ​ យោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា  ព្រះមហាក្សត្រ  ការពារ​ឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ត្រៀមបម្រុង​កំចាត់ចោលរាល់ជនទាំងឡាយណាមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន  បាននាំយកអង្ករ​១.៣០០គីឡូក្រាម និងត្រីខកំប៉ុង៤កេស  ជាការឧបត្ថម្ភរបស់ឧត្តមសេនីទោ  ស៊ិន ស៊ីណាត នាយកដ្ឋាន​ផ្គត់ផ្គង់​របស់​ក្រសួងការពារជាតិ ប្រចាំ​ទិស​យោធភូមិភាគ​ទី​៤​ និងគ្រឿងឧបភោគបរិភោគ​មួយចំនួនទៀត​ របស់​បញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ឧបត្ថម្ភក្នុងវគ្គហ្វឹកហ្វឹននេះ​ផងដែរ ។ដោយ ប៊ុន រដ្ឋា