ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប បានប៉ាន់ស្មានពីចំនួនប្រជាពលរដ្ឋដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៤ ថាអាចមានចំនួន ២២៤,១៥៦នាក់។
បើតាម ឯកឧត្តម ជឺ ចំណាន អនុប្រធានគជប បានឱ្យដឹងថា ចំនួនអ្នកត្រូវចុះឈ្មោះបោះឆ្នោតថ្មី និងអ្នកនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតសម្រាប់ឆ្នាំ២០២៤នេះ បានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ, ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោតនិងលទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៣ នៅទីស្តីការគ.ជ.ប នៅព្រឹកថ្ងៃទី១៤ ខែសីហា។
ឯកឧត្តម ជឺ ចំណាន បានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៤នេះអាចមានចំនួន ២២៤,១៥៦នាក់ ខណៈដែលចំនួនអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន៥៩,៩៦៨នាក់។
ឯកឧត្តម ជឺ ចំណាន អនុប្រធាន គ.ជ.ប បានថ្លែងថា ការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះ និងការិយាល័យបោះឆ្នោត នឹងត្រូវធ្វើការផ្សព្វផ្សាយព្រមគ្នាជាសាធារណៈ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន www.nec.gov.kh។ លើសពី នេះ គ.ជ.ប ក៏បិទផ្សាយ និងផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត នៅតាមសាលាឃុំ សង្កាត់ និងនៅតាមទីតាំងណាមួយក្នុងឃុំ សង្កាត់ យ៉ាងតិច១០ថ្ងៃ មុនពេលចាប់ផ្តើមការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
សូមបញ្ជាក់ថា សម្រាប់បញ្ជីបោះឆ្នោតឆ្នាំ២០២៣ មានប្រជាពលរដ្ឋខ្មែរសរុបជាង៩លាន៨៧ម៉ឺននាក់ ស្មើនឹង៨៩,៩២ភាគរយ នៃចំនួនប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើងទៅ៕