កំពង់ចាម: ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញបេីកវគ្គបណ្តុះបណ្តាលស្តីពី ការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន នៅសាលាខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាល បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ បានផ្តោតលើកការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានគោលដៅជាយុទ្ធសាស្ត្រ ក្នុងការពង្រឹងគោលការណ៍នីតិរដ្ឋ ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពាន ដោយអយុត្តិធម៌ ក្នុងសង្គម និងការពង្រឹងជំនឿទុកចិត្តពីសាធារណជន មកលើវិស័យយុត្តិធម៌ដែលជាកត្តារួមចំណែកដ៏សំខាន់ ក្នុងការធានាថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី ដែលបានជ្រើសរើស យកខេត្តកំពង់ចាម ធ្វើការផ្សព្វផ្សាយពីវិជ្ជាជីវៈមេធាវី និងច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងរដ្ឋប្បវេណី នៃគម្រោងមេធាវីដល់មូលដ្ឋាន ជាពិសេសគឺការផ្សព្វផ្សាយអំពី សេវាមេធាវី ការពារក្តីជូនជនក្រីក្រដោយមិនគិតកម្រៃ។
ក្នុងឱកាសនោះដែរ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកិច្ចស្វាគមន៍ និងជម្រាបអំពីគោលបំណង ចំនួន ៤ចំណុច សំខាន់ៗ ដូចខាងក្រោម៖
-ទី១. ចង់ធ្វើការផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី
-ទី២. ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ
-ទី៣. ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយមិនគិតកម្រៃជូនប្រជាពលរដ្ឋ
-និងទី៤. បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។
ឯកឧត្តមប្រធានគណៈមេធាវី បានបញ្ចាក់ថា ការផ្សព្វផ្សាយផ្ទាល់ ជាមួយនឹង មន្រ្តីអាជ្ញាធរមូលដ្ឋាន ដែលជាថ្នាក់ដឹកនាំ នៅក្នុងកម្រិត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាកម្រិត ឃុំសង្កាត់ និងភូមិនេះ ពួកគាត់នឹងបានដឹងអំពីសេវាកម្មរបស់គណៈមេធាវី ក៏ដូចជាកិច្ចការងារ ដែលគណៈមេធាវីបានធ្វើកន្លងមក ជាប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសគឺជាការចូលរួមចំណែកក្នុងការអនុវត្ត យុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានគោរពថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានគាំទ្រគម្រោងមេធាវីដល់មូលដ្ឋាន ព្រមទាំងថ្លែងអំណរគុណដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដែលបានជួយសម្រួល និងផ្តល់កិច្ចសហការជាមួយគណៈមេធាវី ផងដែរ ៕