(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងពាំនាំអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងគ្រឿងឧបភោគបរិភោគមួយចំនួន ក៏ដូចជាសម្ភារៈប្រើប្រាស់ផ្សេងទៀត ព្រមទាំងថវិកាមួយចំនួន មកជូន លោកអុំ ស៊ិន រ៉ាន់ ដែលជាជនចាស់ជរា គ្មានទីពឹង រស់នៅតែម្នាក់ឯង នៅក្នុងភូមិសាស្ត្រភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយក្រុមការងារគ្រោងនឹងជួសជុលលំនៅឋានជូនលោកអុំផងដែរ។
ទន្ទឹមនឹងនេះឯកឧត្តមអភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវចុះមូលដ្ឋានផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ត្រូវដឹងសុខទុក្ខរបស់ពួកគាត់ ជាពិសេស ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនចាស់ជរា គ្មានទីពឹង ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់បានទាន់ពេលវេលា។
ជាមួយគ្នានោះដែរ លោកអុំ ស៊ិន រ៉ាន់ បានសម្តែងនូវការគោរពអរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបារម្ភ និងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់គ្រប់ទីកន្លែង។