អភិបាលខេត្តស្ទឹងត្រែង៖ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ នឹងប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានលើកឡើងអំពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ ​(CLV) នឹងប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាព្រំដែនសន្តិភាព ព្រំដែននៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ការថ្លែងបែបនេះ ក្នុងឱកាសដែល លោកអភិបាលខេត្ត បានអញ្ជើញចុះជួប សំណេះ សំណាល ជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ ស្មៀនឃុំ និងក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន នៅក្នុងស្រុកសេសាន នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដែលបានធ្វើឡើង នៅសាលាស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក សរ សុពុត្រា បានថ្លែងថា កិច្ចសហប្រតិបត្តិការ CLV ឬ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ ជាកិច្ចព្រមព្រៀងមួយដែលកើតមានឡើងតាំងពីឆ្នាំ១៩៩៩ មកម៉្លេះ នៅក្រោយពេលដែល សម្តេចតេជោ បានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយឆ្នាំ១៩៩៩ យើងចាប់ផ្តើធ្វើយ៉ាងណាឲ្យតំបន់ព្រំដែននេះ ក្លាយជាតំបន់ព្រំដែនមានសន្តិភាព ព្រំដែន នៃកិច្ចសហប្រតិបត្តិការ ព្រំដែនសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយការអភិវឌ្ឍន៍នេះទៀតសោត គឺអភិវឌ្ឍន៍នៅតាមប្រទេសនីមួយៗ តែយើងផ្តោតមុខព្រួញដែលគោលបំណង ទៅជាព្រំដែនដែលមានសន្តិភាព ដែលឈានទៅដល់ការលុបបំបាត់ ការជួញដូគ្រឿងញៀនខុសច្បាប់ ការជួញដូមនុស្ស និងអំពើរត់ពន្ធជួញដូរផ្សេងៗទៀត ផងដែរ ។

លោកអភិបាលខេត្តស្ទឹងត្រែង បានបន្តថា រាជរដ្ឋាភិបាល មិនអនុញ្ញាតឲ្យមានការបង្កអសន្តិសុខណាមួយកើតឡើងឡើយ ជាពិសេសសម្តេចតេជោ អតីតៈនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រួចហើយថា ងើបមួយវៃមួយ ហើយមិនអនុញ្ញាតឲ្យក្រុមណា បក្សពួកណា ឬ ពួកប្រតិកិរិយាណា បំផ្លាញសុខសន្តិភាព ប្រជាជនកម្ពុជាបានឡើយ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត សូមកុំជឿតាមការញុះញុងរបស់ក្រុមប្រឆាំងអគតិ និងជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស ដោយនៅតែបន្តអនុវត្តគ្រប់ឧបាយកល សកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល បង្កឲ្យមានអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខុមាលភាព វិបុលភាពសង្គមជាតិ ក្នុងពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់៕ ដោយ៖ឡុង សំបូរ