វិទ្យាស្ថានស្តង់ដារកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្តីពី “របាំងបច្ចេកទេសពាណិជ្ជកម្ម (TBT) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)” និង “ការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផល នៃការវាយតម្លៃភាពអនុលោមរបស់ផលិតផល”

0

សៀមរាប ៖លោក នូវ ថារ៉ា អគ្គនាយករង វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី “របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT) និងកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)” និង “ការធ្វើអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផលនៃការវាយតម្លៃភាពអនុលោម របស់ផលិតផល ដើម្បីជំរុញការអនុវត្តស្តង់ដារូបនីយកម្ម ការអនុវត្តបទប្បញ្ញត្តិបច្ចេកទេស និងការវាយតម្លៃភាពអនុលោម ដើម្បីពង្រឹងសមត្ថភាពលើការងារស្តង់ដារ ទៅដល់ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មក្នុងខេត្តសៀមរាប ពិធីធ្វើឡើងនៅសណ្ឋាគារ Shinta Mani ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ។

៖លោក នូវ ថារ៉ា អគ្គនាយករង វិទ្យាស្ថានស្តង់ដារកម្ពុជា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល មានសិក្ខាកាមអញ្ជើញមកពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន នៅក្នុងខេត្តសៀមរាប បានចូលរួមសរុបប្រមាណ៦០នាក់មានគោលបំណងដើម្បីពង្រឹងនូវចំណេះដឹង ដល់មន្ត្រីតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៅក្នុងខេត្តសៀមរាបឱ្យយល់កាន់តែច្បាស់អំពីរបាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម (TBT) និងការធ្វើ អធិការកិច្ច ដែលជាផ្នែកដ៏សំខាន់មួយក្នុងការជំរុញឱ្យផលិតករទាំងអស់ចូលរួមអនុវត្តស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងការវាយតម្លៃភាពអនុលោម ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ទាំងគុណភាព សុវត្ថិភាព និងឈានទៅធ្វើការប្រកួត ប្រជែងលើទីផ្សារក្នុង និងក្រៅប្រទេស ជាពិសេសជួយដល់ផលិតផលរបស់កម្ពុជា អាចនាំផលិតផលចេញដោយមិនជាប់ របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម។

និងបានបន្តថា ជាពិសេស ស្វែងយល់ស៊ីជម្រៅអំពីសារៈសំខាន់ និងវិធានការនានាអំពីស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងការវាយតម្លៃភាពអនុលោម ដែលជាលក្ខខណ្ឌគ្រឹះរបស់របាំងបច្ចេកទេសចំពោះពាណិជ្ជកម្មក្រោមក្របខណ្ឌ FTA និងការធ្វើរអធិការកិច្ច និងផ្ទៀងផ្ទាត់លទ្ធផលនៃការដោយតម្លៃភាពអនុលោមរបស់ផលិតផល រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មជាមួយប្រទេសជាសមាជិកអាស៊ានក្នុងការចរចាបង្កើតកិច្ចព្រមព្រៀង យ៉ាងច្រើនជាមួយប្រទេសជាដៃគូក្នុងតំបន់ និងអន្តរជាតិ មានដូចជា៖

១. កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)២. កិច្ចព្រមព្រៀងអាស៊ានជាមួយដៃគូប្រទេសផ្សេងទៀត៣. កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ចំពោះការត្រៀមលក្ខណសម្បត្តិក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដើរតួយ៉ាងសំខាន់ជា មជ្ឈមណ្ឌលទំនាក់ទំនង-ផ្តល់ព័ត៌មាន ផ្នែករបាំងបច្ចេកទេសចំពោះពាណិជ្ជកម្មរបស់កម្ពុជា អង្គភាពស្តង់ដារជាតិ (National Standard body) និងអង្គភាពវិញ្ញាបនបត្រជាតិ (National Certification Body) ដែលជាភារត្រៀមលក្ខណៈគ្រប់គ្រាន់ ក្នុងការផ្តល់សេវាកម្មបញ្ជាក់គុណភាពផ្នែកទំនិញ និងប្រព័ន្ធ ដើម្បីធានាថាការនាំចេញរបស់ផលិតផលកម្ពុជាមិនជាប់របាំងបច្ចេកទេសចំពោះពាណិជ្ជកម្ម។ ចំពោះវិស័យឯកជន និងអ្នកនាំចេញ ក៏ត្រូវតែត្រៀមលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលយក និងអនុវត្តកិច្ចព្រមព្រៀងសេរី ដើម្បីធានាថាផលិតផលមានគុណភាព សុវត្ថិភាព អាចប្រកួតប្រជែងជាមួយផលិតផលបរទេសបាន ទាំងទីផ្សារក្នុងស្រុក ថ្នាក់តំបន់ និងអន្តរជាតិ។

នៅក្នុងរយៈពេលនៃវគ្គបណ្តុះបណ្តាលនេះផងដែរ មន្ត្រីជំនាញនឹងធ្វើបទបង្ហាញអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគីដោយផ្តោតសំខាន់ទៅលើ ការងារស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃភាពអនុលោម ជាពិសេសទៅលើការងារអធិការកិច្ចនិងផ្ទៀងផ្ទាត់លទ្ធផល នៃការវាយតម្លៃភាពអនុលោមរបស់ផលិតផល ដើម្បីអាចបង្រៀបការយល់ដឹងបន្ថែមពី ការគ្រប់គ្រងឯកសារពាក់ព័ន្ធសារៈប្រយោជន៍នៃការយកផលិតផលទៅវិភាគគុណភាពការអនុវត្តច្បាប់ស្តីពីស្តង់ដារកម្ពុជា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីស្តង់ដារកម្ពុជា និងការក្សាអនាម័យ សុវត្ថិភាព ខ្សែសង្វាក់ផលិតកម្ម ជាដើម។ដោយ ប៊ុន រដ្ឋា