អភិបាលខេត្តកំពង់ចាម​ ប្រមានចាត់វិធានយ៉ាងតឹងរឹងចំពោះជនល្មើសទាក់ទងនឹងបទល្មើសនេសាទខុសច្បាប់

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម បានប្រមានចាត់វិធានការយ៉ាងតឹងរឹងចំពោះជនល្មើសទាក់ទងនឹងបទល្មើលនេសាទខុសច្បាប់​ ដើម្បីថែរក្សានូវពូជមច្ឆជាតិ សម្រាប់កូនចៅជំនាន់ក្រោយ ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤​ ក្រោមវត្តមាន​ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត​កំពង់ចាម​ ។

ថ្លែងក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តម អ៊ុន ចាន់ដា បានលេីកឡេីងថា​ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលផ្ទុយពីការណែនាំរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មានដូចជាស្បៃមុង..បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតនូវទិន្នផលមច្ឆជាតិ​ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ជាពិសេសក្នុងរដូវបិតនេសាទនេះ។

ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញមន្ត្រីជលផលគ្រប់លំដាប់ថ្នាក់ក៏ដូចជាអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចក្នុងមូលដ្ឋាន សូមបន្តអប់រំផ្សព្វផ្សាយ ទៅដល់បងប្អូនប្រជានេសាទ អំពីផលប៉ះពាល់ នៃការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសបន្តយកចិត្តទុកដាក់សហការគ្នា ចេញត្រួតពិនិត្យ និងបន្តចុះធ្វើការត្រួតពិនិត្យ ទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ ជាពិសេសត្រូវសហការតាមដានស្ថានភាពប្រជាសាស្ត្រ និងភូមិសាស្ត្រជលផលឱ្យបានច្បាស់លាស់ ដើម្បីក្តាប់​ឱ្យបាននូវមុខសញ្ញាអ្នកប្រព្រឹត្តិបទល្មើសនេសាទទាំងអស់នោះ ដើម្បីចាប់ឃាត់ខ្លួន កសាងសុំណុំរឿង បញ្ជូនទៅតុលារ ចាត់ការទៅតាមនិតិវិធីច្បាប់ដោយគ្មានការលើកលែងឡើយ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្ត នាពេល​នេះ​ គឺមានរបៀបវារៈសំខាន់ ៗ ចំនួន៧ ជូន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ដេីម្បី​ពិនិត្យ ពិភាក្សា​ និងអនុម័តលេី​សេចក្តីព្រាង​ទាំងនោះ​ ៕