បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រកាសប្រឆាំងដាច់ខាត ចំពោះក្រុមអគតិជ្រុលនិយមក្រៅច្បាប់ ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា

0

ខេត្តព្រះវិហារ៖បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងកម្លាំងកងទ័ពទាំងអស់ ចំណុះតំបន់ប្រតិបត្តិការសឹក បន្តប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម និងប្រឆាំងដាច់ខាត ចំពោះក្រុមអគតិជ្រុលនិយមក្រៅច្បាប់ ដែលមានមហិច្ឆតាប៉ុនប៉ងផ្ដួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

ការប្រកាសប្រឆាំងដាច់ខាត ចំពោះក្រុមប្រតិកិរិយាជ្រុលនិយមក្រៅច្បាប់ របស់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា និងកម្លាំងកងទ័ពទាំងអស់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្នុងគ្រាដែលលោកឧត្តមសេនីយ៍មេបញ្ជាការ បានអញ្ជើញត្រួតពិនិត្យកម្លាំងអន្ដរាគមន៍ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ តំបន់ប្រតិបត្តិការសឹក ចំណុះយោធភូមិភាគទី៤។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រ្តា បានដាក់ចេញនូវបទបញ្ជា ដល់នាយទាហាន នាយទានរង និងពលទាហានទាំងអស់ ត្រូវត្រៀមខ្លួនឱ្យបានស្រេចបាច់ក្នុងការអន្តរាគមន៍ និងអនុវត្តរាល់បទបញ្ជារបស់ ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ជាពិសេស ប្រមុខរាជរដ្ឋាភិបាល ដោយភក្តីភាព និងស្មោះត្រង់ដាច់ខាត រាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញសន្តិភាព និងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដែលបានប្រសូត្រចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នាពេលកន្លងទៅ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័កត្រ្តា មានប្រសាសន៍ថា ក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ក្រុមប្រឆាំងអគតិ ជ្រុលនិយមមួយក្តាប់តូច ដែលមានមូលដ្ឋាននៅក្រៅប្រទេស ក៏ដូចជាក្នុងប្រទេស នៅតែបន្តអនុវត្តន៍គ្រប់ឧបាយកល និងសកម្មភាពរបស់ខ្លួន បំផុសបំផុលបង្កឲ្យមានចលាចល ញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្កឲ្យមានអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខុមាលភាព វិបុលភាពសង្គមជាតិ និងប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ក្នុងពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៃយោធភូមិភាគទី៤ បានប្តេជ្ញាការពារ និងថែរក្សា ឲ្យបានដាច់ខាត នូវសុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាត នូវរាល់អំពើណាក្នុងចេតនាបំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព និងអំពើវិទ្ធង្សនាផ្សេងៗ ពីក្រុមអគតិ និងក្រុមជ្រុលនិយមមួយចំនួនទាំងក្នុង និងនៅក្រៅប្រទេស៕ដោយ៖ឡុង សំបូរ