(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងបទបញ្ជារបស់ឯកឧត្តមអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ដែលកិច្ចប្រជុំផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កន្លងទៅថ្មីៗនេះមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច ទាំងនៅក្រៅប្រទេស និងនៅក្នុងប្រទេស បានខិតខំញុះញង់បំផុសបំភ្លៃការពិត ស្ដីពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ថាជាការបាត់បង់ដីទៅឲ្យប្រទេសជិតខាង ហើយបានញុះញង់ជំរុញយុវជនមួយចំនួន ដែលមិនយល់ពីការពិត ទោះបីមានការពន្យល់ណែនាំការពិតជាក់ស្តែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីស្ថាប័នជំនាញ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនលើកច្រើនសារយ៉ាងណាក្តី ក៏ពួកគេនៅតែមានគោលបំណងធ្វេីបដិវត្តន៍ពណ៌ដេីម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតចេញពីឆន្ទៈរបស់ប្រជាជនកម្ពុជាដ៏ច្រើនលើសលុប។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីបទបញ្ជាសំខាន់ៗរបស់ឯកឧត្តមអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលយោធិនគ្រប់រូប ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ មានភារកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ ដោយត្រូវលះបង់គ្រប់បែបយ៉ាង ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារឲ្យបានសេចក្តីសុខសាន្ត របស់ប្រជាជន ។ រក្សាការពារឲ្យបានសន្តិភាព និងការពារឲ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ដែលកំពុងដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿង បន្ថែមទៀត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាឲ្យកងកម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវប្រុងប្រៀបខ្លួន សម្ភារៈប្រើប្រាស់ គ្រឿងបំពាក់ និងបណ្ដាកិច្ចការធានាផ្សេងៗឲ្យបានគ្រប់គ្រាន់ ព្រមទាំងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ដើម្បីត្រៀមចល័តអន្តរាគមន៍ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ក្នុងភារកិច្ច ការពារសន្តិភាព និងចូលរួមសហការរក្សាសណ្ដាប់ធ្នាប់សង្គម និងសេចក្តីសុខសាន្ត ជូនប្រជាជនកម្ពុជាជាង ១៧លាននាក់ ឱ្យបានជាដាច់ខាត។អត្ថបទ វេហាស៍