កំពង់ចាម: អតីតបេក្ខជនក្រុមប្រឹក្សាឃុំ និងសកម្មជនមកពីគណបក្សភ្លើងទៀន និងគណបក្សខ្មែរស្រឡាញ់ជាតិ សរុប ១០៨នាក់ ស្រី៣៧ នាក់ ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។
សមាជិកថ្មីដែលត្រូវបានប្រកាសទទួលស្គាល់ នាឱកាសនោះ រួមមាន:
១-ក្រុងកំពង់ចាម ចំនួន ៨នាក់ ស្រី ៤
២-ស្រុកស្ទឹងត្រង់ ចំនួន ៤២ នាក់ ស្រី ១៤
៣-ស្រុកព្រៃឈរ ចំនួន ២២ នាក់ ស្រី ៦
៤-ស្រុកបាធាយ ចំនួន ១៧ នាក់ ស្រី ៤
៥-ស្រុកកងមាស ចំនួន ១៨នាក់ ស្រី ៩
៦-រាជធានីភ្នំពេញ ចំនួន ១នាក់ ប្រុស ។
មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានសម្ដែងនូវមនោសញ្ចេតនារីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីដែលបានស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ទាំងនេះគឺដោយសារការមើលឃើញ និងភាពជឿជាក់យ៉ាងមុតមាំលើការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេលោកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលពុំមានគណបក្សណាអាចធ្វើបាន។
ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានស្នើដល់សមាជិកយើង ត្រូវជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដទៃសូមកុំជឿតាម និងកុំធ្វើតាមការញុះញង់អកុសលក្រុមប្រឆាំងមួយក្តាប់តូច ដែលនាំឲ្យវឹកវរដល់សន្តិសុខជាតិ និងការអភិវឌ្ឌ ព្រមទាំងថ្កោលទោសចំពោះក្រុមប្រឆាំងមួយចំនួនដែលកំពុងបំផុសបំផុលបង្កចលាចលក្នុងសង្គម ព្រោះតែរឿងប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានស្នើដល់បងប្អូនសមាជិកថ្មី ឱ្យមានភាពស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងត្រៀមខ្លួនទៅចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ស្របតាមទិសស្លោក” សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក” និងសូមចលនាសាច់ញាតិមិត្តភក្តិ បងប្អូនឲ្យចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សយើងមានលទ្ធភាពបន្តដឹកនាំ កសាង អភិវឌ្ឍន៍មាតុភូមិក្នុងគន្លងសុខសន្តិភាព និងការរីកចម្រើនទ្វេឡើង៕