ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យ និងពង្រឹងការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន និងផ្សព្វផ្សាយណែនាំការងារសំខាន់ៗ ដល់កងកម្លាំងដែលឈរជើងនៅតាមគោលដៅ

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម  នារសៀលថ្ងៃទី​១៧​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានអញ្ជើញចុះពិនិត្យ ពង្រឹងការងារសន្តិសុខ និងផ្សព្វផ្សាយណែនាំការងារសំខាន់ៗ ដល់កងកម្លាំងដែលឈរជើងនៅតាមបណ្ដាគោលដៅមួយចំនួនពិសេសគោលដៅព្រំប្រទល់ ក្នុងស្រុកកងមាស និងស្រុកបាធាយ ជាប់នឹងព្រំប្រទល់ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម   អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាមនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តការងារយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨ សីហា ខាងមុខនេះ។

ឯកឧត្តមក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវប្តេជ្ញាការពារ សុខសន្ដិភាព សន្តិសុខជាតិ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជូនជាតិ និងប្រជាជនគ្រប់កាល:ទេស: ទោះស្ថិតក្នុងតម្លៃណាក៏ដោយ និងត្រូវប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយត្រូវប្រើប្រាស់វិធានការច្បាប់ និងតាមនីតិវិធីជំនាញ មិនអាចលើកលែងបានឡើយ ព្រមទាំងវិធានការចុះផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ កុំឱ្យជឿល្បិចកល តាមការអូសទាញពីក្រុមជ្រុលនិយម ហើយកម្លាំងគ្រប់គោលដៅទាំងអស់ ត្រូវបានបែងចែកកម្លាំងប្រចាំការ ត្រួតពិនិត្យ និងក្រុមល្បាត ២៤/២៤ម៉ោង និងត្រៀមជានិច្ចក្នុងការទប់ស្កាត់គ្រប់សកម្មភាពបទល្មើសទាំងអស់ ដែលកើតមានក្នុងភូមិសាស្ត្ររបស់ខេត្ត៕