បន្ទាយមានជ័យ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរសង្គមកិច្ចខេត្ត ដឹកនាំដោយ លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី អនុប្រធានកត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត អមដំណើរដោយ លោក ស្រី រស់ សុផានី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ សមាគមនារីខេត្តនៅរសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៤ បានអញ្ចេីញ ចុះសួរសុខទុក្ខអ្នកជំងឺដែលជួបឧបទ្ទវហេតុផ្ទុះធុងហ្គាស និងនិស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យជាតិមានជ័យជួបឧប្បវាហេតុគ្រោះថ្នាក់ចរាចរណ៍។
លោកជំទាវ ជ័យ ណារីអ៊ំរាត្រី ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ ដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបុរីទាំងអស់ ឲ្យខិតខំថែរក្សាសុខភាព ថែទាំខ្លួន ហូបស្អាតផឹកស្អាត ត្រូវមានអនាម័យជានិច្ច ព្រមទាំងពិសាថ្នាំឲ្យបានទៀងទាត់តាមវេជ្ជបញ្ជា។ ហើយរាល់ពេលប្រើប្រាស់ចង្ក្រានហ្គាស និងការបើកបរនៅតាមដងផ្លូវ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចកុំធ្វើប្រហែស។
សូមបញ្ជាក់ផងដែរថា ស្ត្រីដែលជួបឧបទ្ទវហេតុផ្ទុះធុងហ្គាស កាលពីថ្ងៃទី ៣ខែសីហា នេះ មានឈ្មោះ ហួន សារ៉ែន ភេទស្រី អាយុ ៣៧ឆ្នាំ កំពុងមានផ្ទៃពោះ ៦ខែ រងរបួសធ្ងន់ មានទីលំនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ និង ប្អូនស្រី បួន ចន្ធូ ភេទស្រី អាយុ ២៣ ឆ្នាំ ជានិស្សិតឆ្នាំទី ២ជំនាញរដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យជាតិមានជ័យ មានទីលំនៅ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរី។
លោកជំទាវ ព្រមទាំងក្រុមការងារ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ក៏បាននាំយកនូវអំណោយជូនដល់ស្ត្រីដែលជួបឧបទ្ទវហេតុផ្ទុះធុងហ្គាស ឈ្មោះ ហួន សារ៉ែន នូវគ្រឿងឧបភោគបរិភោគមួយចំនួន រួមមានមាន មី១កេស ទឹកសុទ្ធវីតាល់២កេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ សារុង៣ទឹកដោះគោសម្រាប់ស្ត្រីមានទម្ងន់មួយកេស និងថវិកា ៥៥ម៉ឺនរៀល និងនិស្សិតជួបគ្រោះថ្នាក់ចរាចរណ៍ សារុង៣ និង ថវិកា ២៧ ម៉ឺនរៀល ។ ព្រមទាំងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ២៥ នាក់ ទទួលបាន សារុងមួយនិងថវិកាមួយម៉ឺនរៀល ក្នុងនោះមានទឹកប្រាក់សរុបចំនួន ១,២៧០,០០០
រៀល៕ដោយ៖ឃិន គន្ធា