ខេត្តស្ទឹងត្រែង៖អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដែលមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក កងកម្លាំងទាំង៣ មន្ត្រីរាជការមកពីគ្រប់ស្ថាប័ន អង្គភាពជំនាញ ចំណុះរដ្ឋបាលខេត្ត មេឃុំ ចៅសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ផងដែរ។
ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែងថា ការបង្ក្រាបក្រុមក្មេងទំនើង ល្បែងស៊ីសងគ្រប់រូបភាព ការរត់ពន្ធមនុស្សឆ្លងដែន និងការជួញដូរគ្រឿងញៀន បញ្ហាទាំងនេះ អង្គភាពជំនាញត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់បំផុត និងការគ្រប់គ្រងសភាពការណ៍ទូរទៅឱ្យបានជុំ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម ជូនប្រជាជនរស់នៅ ប្រកបដោយសុខដុមរម្យនា។
លោក សរ សុពុត្រា ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តស្ទឹងត្រែង បានដាក់ចេញនូវវិធានការមួយចំនួនបន្ថែមទៀត ដូចជាសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្ម ចលាចលសង្គម និងសកម្មភាពល្មើសផ្សេងៗទៀត នឹងត្រូវចាត់ការបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តស្ទឹងត្រែង បានជំរុញអាជ្ញាធរមានសមត្ថកិច្ច និងជំនាញពាកព័ន្ធទាំងអស់ ត្រូវបន្តអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យបានសកម្មផុលផុស និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានហ្មត់ចត់ នូវមុខសញ្ញាគ្រប់ប្រភេទ នៅតាមសហគមន៍ ភូមិ-ឃុំ សង្កាត់ ដោយប្រើប្រាស់គ្រប់វិធានការ និងទប់ស្កាត់គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។
លោកអភិបាលខេត្តស្ទឹងត្រែង បានបន្តណែនាំឱ្យដាក់កម្លាំង ចុះល្បាតបន្ថែមនៅពេលយប់ ការពារ ទប់ស្កាត់ និងបង្រ្កាបឱ្យបាន ចំពោះការប្រើប្រាស់អាវុធ គ្រឿងផ្ទះ កាំភ្លើងកែច្នៃ ដែលនាំឱ្យគ្រោះថ្នាក់ដល់សង្គម និងបង្កការភ័យខ្លាច ដល់ប្រជាជននៅក្នុងមូលដ្ឋាន ។
គួររំលឹកថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចខេត្ត បានសហការរួមគ្នា ចុះឃាត់ខ្លួនជនជាតិចិនឆ្លងដែនខុសច្បាប់ចំនួន២៩នាក់ ចេញពីតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងគោលដៅឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដែលការឃាត់ខ្លួននោះ បានធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕ ដោយ៖ឡុង សំបូរ