ប្រជាពលរដ្ឋជិត២៥០គ្រួសារ នៅខេត្តស្ទឹងត្រែង ដែលមានជីវភាពខ្វះខាត ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន

0

ខេត្តស្ទឹងត្រែង៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចបានផ្តល់អំណោយមនុស្សធម៌ តាមរយៈ លោក យូ ឡាណា អគ្គលេខាធិការរងទី២  តំណាងដ៏ខ្ពង់ខ្ពស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បាននាំយកមកផ្តល់ជូនប្រជាពលរដ្ឋ ២៤៦គ្រួសារ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង និងមានជីវភាពខ្វះខាត ដូនចាស់ជរា និងជនពិការ នៅក្នុងឃុំចំនួន៤ គឺ ឃុំអូររៃ ឃុំកាំងចាម ឃុំថាឡាបរិវ៉ាត់ និងឃុំស្រែឬស្សី ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

ពិធីចែកអំណោយមនុស្សធម៌នោះ បានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃបន្តបន្ទាប់គ្នា គឺ នៅរសៀលថ្ងៃទី១៧សីហា២០២៤ បានចែកនៅក្នុងបរិវេណប្រាសាទព្រះគោ មានប្រជាពលរដ្ឋចំនួន ១៤៧គ្រួសារ មកពីឃុំថាឡាបរិវ៉ាត់ និងឃុំស្រែឬស្សី និងនៅព្រឹកថ្ងៃទី១៨សីហា២០២៤ អំណោយត្រូវបាននាំយកទៅចែកជូនប្រជាពលរដ្ឋ ចំនួន ៩៩គ្រួសារ នៅក្នុងឃុំចំនួន២ គឺ ឃុំកាំងចាម និងឃុំអូររៃ នៅក្នុងអនុវិទ្យាល័យកាំងចាម នៃស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រជាពលរដ្ឋដែលទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ក្នុងរយៈពេល ២ថ្ងៃ (១៧-១៨សីហា២០២៤) មានចំនួន ២៤៦គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ២៥គីឡូ ,មី១កេស ,ត្រីខ១០កំប៉ុង ,ទឹកស៊ីអ៊ីវ១យួរ ,ឃីត១កញ្ចប់មាន ( មុង១ ភួយ១ សារុង១ ក្រមា១ ) និងថវិកា ២ម៉ឺនរៀល ផងដែរ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូពីសុខភាព អនាម័យ និងការប្រើប្រាស់ទឹកស្អាត ការអប់រំ និងបានផ្តល់នូវភាពកក់ក្តៅ ហើយការលំបាក់របស់ប្រជាពលរដ្ឋ គឺជាបញ្ហា និងការលំបាក់របស់សម្តេចប្រធាន ហើយកាកបាទក្រហមកម្ពុជា មិនទុកឱ្យប្រជាពលរដ្ឋវេទនា និងជួបនូវការលំបាកឡើយ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា នៅជាមួយជានិច្ច។

លោកអភិបាលខេត្តស្ទឹងត្រែង បានបន្តទៀតថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា ពិតជាបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាពជាដើម។ល។

អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា លោក យូ ឡាណា បានមានប្រសាសន៍ ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក យូ ឡាណា មានប្រសាសន៍ ផ្តាំផ្ញើចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្ន និងត្រូវបង្ការថែរក្សាចំពោះសុខភាព ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺនានាយាយីមកលើកូនចៅ និងក្រុមគ្រួសារ ជាពិសេសនៅក្នុងរដូវវស្សានេះ ត្រូវរក្សាអនាម័យក្នុងការរស់នៅឱ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀសឆ្ងាយពីជំងឺរាគរុស ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមជាដើម ហើយបើសង្ស័យថា មានកើតជំងឺណាមួយ សូមរួសរាន់ទៅកាន់មណ្ឌលសុខភាព ដែលនៅកៀកជិតនឹងមូលដ្ឋានរស់នៅ ឱ្យបានទាន់ពេលវេលា៕ ដោយ៖ឡុង សំបូរ