អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងពិនិត្យពង្រឹងការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ការបះបោរដោយក្រុមជ្រុលនិយមចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំ ក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខកម្លាំងប្រចាំការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់កានៅតាម គោលដៅក្នុងភូមិសាស្ត្ររបស់ខេត្ត។
ក្នុងឱកាសចុះពិនិត្យ តាមគោលដៅ ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់ គណៈបញ្ជាការរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តន៍ តួនាទីនិងភារកិច្ចរបស់ការងារយ៉ាងម៉ឺងម៉ាត់បំផុត គឺការពារសន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួនទប់ស្កាត់រាល់ការប៉ុនប៉ងណាមួយរបស់ក្រុមអគតិ ខណៈក្រុមអគតិ និងពួកជ្រុលនិយម ដែលចង់ចូលរួមធ្វើបាតុកម្ម ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់របស់យើង។
ឯកឧត្តមអភិបាលខេត្ត ក្នុងនាមគណៈមេបញ្ជាការឯកភាពខេត្ត កងកម្លាំងទាំងអស់ របស់យើង ត្រូវប្តេជ្ញាការពារ សុខសន្ដិភាព សន្តិសុខជាតិ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់ សាធារណៈ ជូនជាតិ និងប្រជាជនគ្រប់កាល:ទេស: ទោះស្ថិតក្នុងតម្លៃណាក៏ដោយ គឺយើងត្រូវប្រឆាំងដាច់ខាតចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារ ថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់កងកម្លាំងដែលឈរជើងរក្សាសន្តិសុខ ២៤/២៤ម៉ោង នៅតាមគោលដៅផងដែរ ៕