ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអញ្ជើញត្រួតពិនិត្យកម្លាំងទ័ព ដើម្បីពង្រឹងការប្រមូលកម្លាំង ត្រៀមចេញអន្តរាគមន៍ នូវគ្រប់សភាពការណ៍មិនប្រក្រតីណាមួយ ដែលកើតឡើងនៅក្នុងភូមិសាស្ត្រគ្រប់គ្រង និងទទួលខុសត្រូវ និងបានបន្តផ្សព្វផ្សាយសភាពការណ៍ថ្មីៗ បន្ថែមទៀត ជូននាយទាហាន នាយទាហានរង និងពលទាហាន ក៏ដូចបណ្តាអង្គភាពចំណុះ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៃយោធភូមិភាគទី៤ ។
នៅក្នុងពេលប្រជុំជួរ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នានាយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍ប្រចាំទិសនីមួយៗ ឱ្យត្រៀមកម្លាំង គ្រឿងបំពាក់ និងមធ្យោបាយគ្រប់គ្រាន់ រង់ចាំបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ក្នុងភារកិច្ចការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ប្រឆាំងរាល់ឧបាយកលញុះញង់ បង្កចលាចល បំផ្លាញ សុខសន្តិភាព នៅកម្ពុជា ។
កងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្តេជ្ញាដាច់ខាត គោរពអនុវត្តន៍យ៉ាងម៉ឹងម៉ាត់តាម បទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដើម្បីថែរក្សា ការពារ សុខសន្តិភាព ជូនប្រជាជនឱ្យបានដាច់ខាត ទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្តេជ្ញាចិត្តដាច់ខាត ក្នុងការការពារ និងថែរក្សា សុខសន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងគ្រប់កាលៈទេសៈ ព្រមទាំងប្រឆាំងដាច់ខាត នូវរាល់អំពើណាក្នុងចេតនាបំផ្លិចបំផ្លាញ ផលប្រយោជន៍ជាតិ បំផ្លាញសន្តិភាព និងអំពើវិទ្ធង្សនាផ្សេងៗ ពីក្រុមអគតិ និងក្រុមជ្រុលនិយមមួយចំនួន ទាំងក្នុងនិងនៅក្រៅប្រទេស។
គួរបញ្ជាក់ថា នៅក្នុងរយៈពេលច្រើនថ្ងៃកន្លងទៅនេះ មានការបង្កឡើងដោយក្រុមជ្រុលនិយមមួយក្ដាប់តូច មានចេតនាញុះញង់ បង្កចលាចលក្នុងសង្គម ធ្វើឱ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍ និងចង់បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ក្នុងគោលបំណង ផ្តួលរំលំ រាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នាពេលកន្លងមកនេះ៕ ដោយ៖ឡុង សំបូរ