ដោយ វេហាស៍
(កំពង់ធំ)÷ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ បន្តដឹកនាំក្រុមការងារចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចរូងក្រពើ ស្ថិតក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។
លោក ចាយ គង់ម៉េង បន្តដឹកនាំក្រុមការងារចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលលទ្ធផលអនុវត្តបានចំនួន០១ករណី បានចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន របាំងសាច់អួនក្រឡាញឹកចំនួន០២របាំង ប្រវែង១២០០ម៉ែត្រ របាំងស្បៃមុងចំនួន២របាំង ប្រវែង ៦០០ម៉ែត្រ ឡុកចំនួន១៦គ្រឿង លបចំនួន១៦មាត់ ចាក់លែងត្រីចំនួន៥០គីឡូក្រាមចូលទន្លេវិញ។
លោក ចាយ គង់មេ៉ង បាននគូសបញ្ជាក់ផងដែរថា កម្លាំងចម្រុះដែលឈរជើងប្រចាំការនៅទីបញ្ជាការស្រាលបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ធ្វើសកម្មការងាររួមមាន ការចុះទប់ស្កាត់ ការបង្ក្រាបរាល់បទល្មើសនេសាទគ្រប់ប្រភេទដែលច្បាប់ស្តីពីជលផលហាមឃាត់ ការចុះផ្សព្វផ្សាយជូនប្រជានេសាទឱ្យពួកគាត់បានយល់ និងជួយថែរក្សាការពារធនធានធម្មជាតិ មច្ឆាជាតិ និងបន្ទុកមួយទៀតគឺការល្បាតការពារឡូអភិរក្សត្រីមេពូជ ក្នុងសហគមន៍ឡូអភិរក្ស៕