ប្រធានក្រុមប្រឹក្សាស្រុកស្ទោង ជំរុញដល់អាជ្ញាធរឃុំត្រូវអញ្ជើញប្រជាពលរដ្ឋដើម្បីចូលរួមកសាងផែនការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន

0

(កំពង់ធំ)÷ លោក ឡាយ ស៊ីលី បានជំរុញដូច្នេះនៅក្នុង វេទិកាពិគ្រោះយោបល់ និងព័ត៌មានថវិការដ្ឋបាលស្រុក នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៤ នៅវត្តបទុម ស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ  ដែលមានការអញ្ជើញចូលរួមរបស់លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សា លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក អភិបាលស្រុក នាយក នាយករង មន្ត្រីជំនាញពាក់ព័ន្ធជុំវិញស្រុកនិងចំណុះសាលាស្រុកជាច្រើននាក់ចូលរួមផងដែរ ដើម្បីស្ដាប់នូវបញ្ហាសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបានលើកឡើងដែលពួកគាត់បានជួបប្រទះកន្លងមក។

លោកបានបន្ថែមថា ការកសាងផែនការដែលមានការចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋក្នុងមូលដ្ឋានគឺជាធាតុចូលមួយដ៏សំខាន់ក្នុងការកសាងផែនការប្រកបដោយប្រសិទ្ធភាពហើយឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការជាក់ស្ដែង និងអាទិភាពបំផុតដែលបានកើតមានឡើងនៅក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋបានជួបប្រទះ។

ទន្ទឹមនឹងនេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បាន ជំរុញបន្ថែមទៀតដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោកអធិការស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងបង្ក្រាបឱ្យខានតែបានរាល់បញ្ហាគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសង និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈទូទៅ ព្រមទាំងបទល្មើសផ្សេងៗនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាពិសេសទូទាំងស្រុកស្ទោងទាំងមូលឲ្យមានប្រសិទ្ធភាពបំផុត។

លើសពីនេះ លោកក៏បានជុំវិញដល់អាជ្ញាធរឃុំរុងរឿងបន្ទាយស្ទោង និងឃុំព្រះដំរី ត្រូវសហការគ្នាជាមួយសេវាករអគ្គិសនីព្រះដំរី ដើម្បីពិភាក្សារកដំណោះស្រាយវិជ្ជមានឡើងវិញជាពិសេសការផ្ដល់សេវានិងផ្គត់ផ្គង់អគ្គិសនីដែលមានភាពអវិជ្ជមាននិងរអាក់រអួលកន្លងមក ជាពិសេសឥរិយាបថអវិជ្ជមានរបស់បុគ្គលិកសេវាករ។

លោកបានណែនាំដល់អាជ្ញាធរឃុំ ទាំងបីខាងលើត្រូវរួបរួមសហការគ្នាក្នុងការគ្រប់គ្រង បែងចែកទឹកនៅតាមប្រឡាយមេ សម្រាប់ស្រោចស្រពស្រែស្រូវ ក៏ដូចជាកសិដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានប្រើប្រាស់ទាំងអស់គ្នា។ អត្ថបទ វេហាស៍