ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ភាគឦសានកម្ពុជា ប្រកាសគាំទ្រគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដែលអាចជំរុញការលើកស្ទួយសេដ្ឋកិច្ចជាតិ និងគ្រួសារបានយ៉ាងប្រសើរ និងប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការ !

0

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋចម្រុះជាតិសាសន៍ រួមមាន៖ ប្រជាពលរដ្ឋខ្មែរ ពលរដ្ឋខ្មែរ-ឡាវ (ខ្មែរកាត់ឡាវ) និងជនជាតិដើមភាគតិចទំពួន គ្រឹង និងជនជាតិព្នង ដែលបាននិងកំពុងរស់នៅលើដែនដីរដ្ឋបាលខេត្តស្ទឹងត្រែង ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ នៅភាគឦសាន នៃប្រទេសកម្ពុជា ជាប់ក្នុងគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម “CLV-DTA” ដែលជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគាំទ្រការនិមន្ត ទស្សនកិច្ចសិក្សាបង្គោលព្រំដែនរបស់ ព្រះធម្មវនវាសី បណ្ឌិតចន្ទ មុនី និងគាំទ្រលើការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដែលអាចជួយជំរុញការលើកស្ទួយសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារបានយ៉ាងប្រសើរ និងប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ។
ការប្រកាសគាំទ្រ រាជរដ្ឋាភិបាល យ៉ាងពេញទំហ៊ឹង លើគម្រោងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម របស់ប្រជាពលរដ្ឋចម្រុះជាតិសាសន៍ នៅលើទឹកដី នៃខេត្តស្ទឹងត្រែង ភាគឦសានប្រទេស គឺបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅក្នុងឱកាសដែលព្រះធម្មវនវាសី បណ្ឌិតចន្ទ មុនី និមន្តមកកាន់ខេត្តស្ទឹងត្រែង ដើម្បីពិនិត្យ សិក្សា និងឆ្វេងយល់ពីខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែន និងចង់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែន នៃខេត្តទាំង៤ គឺ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ភាគឦសានកម្ពុជា ដែលជាខេត្តស្ថិតក្នុងគម្រោងអភិវឌ្ឍ (CLV-DTA) ។
មុនពេលព្រះធម្មវនវាសី បណ្ឌិតចន្ទ មុនី និមន្តទៅកាន់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ណងណុកខៀនឡាវ និងពិនិត្យបង្គោលព្រំដែនលេខ០៣៥-០៣៨ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ព្រះអង្គបាននិមន្តសម្តែង ធម្មទេសនាអប់រំចិត្ត ដើម្បីផ្តល់ដំបូន្មានដល់ប្រជាពលរដ្ឋ ឱ្យចេះរួមរួមគ្នាជាធ្លុងមួយ និងបានបំផុសប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ប្រទេសជាតិ ដោយត្រូវនាំគ្នាទៅរស់នៅតាមបន្ទាត់ព្រំដែនឱ្យបានច្រើន ដើម្បីធ្វើជារបងការពារទឹកដីឱ្យបានរឹងមាំ និងគង់វង្ស ។
ការសម្តែងព្រះធម៌របស់ ព្រះធម្មវនវាសី បណ្ឌិតចន្ទ មុនី បានធ្វើឡើងនៅក្នុងបរិវេណ “វត្តស្រះកែវមុន្នីវណ្ណ” ហៅ វត្តលើ ដែលមានការនិមន្ត/ចូលរួមពីព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនពាន់នាក់។
នៅក្នុងឱកាសនោះ ព្រះធម្មវនវាសី បណ្ឌិតចន្ទ មុនី មានសង្ឃដីកាបន្តថា ការនិមន្តធ្វើដំណើររួមជាមួយនឹងបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ថ្នាក់ដឹកនាំមន្ត្រីរាជការ ទៅកាន់តំបន់ព្រំដែន បានបង្ហាញពីចលករមួយ សម្រាប់ឱ្យយុវជន បានមកទស្សនាបន្តតាមក្រោយ ដើម្បីសិក្សាឆ្វេងយល់ពីសមិទ្ធផលផ្លូវក្រវ៉ាត់ព្រំដែន បង្គោលព្រំដែន ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រ នៅលើទឹកដីនៃខេត្តភាគឦសាននេះ។
ព្រះអង្គ មានសង្ឃដីកាទៀតថា នៅរដូវប្រាំង ខាងមុខនេះ ព្រះអង្គនឹងដឹកនាំធ្វើធម្មយាត្រាដ៏ធំមួយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានមកស្គាល់តំបន់ប្រវត្តិសាស្ត្រ ក្នុងស្ថានភាព ស្រឡាញ់ជាតិពិតប្រាកដ ព្រោះរាជរដ្ឋាភិបាល កាលពីអាណត្តិកន្លងមក ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានសាងសង់ផ្លូវក្រវ៉ាត់ព្រំដែន និងបានបោះបង្គោល នៅតាមចំណុចនីមួយៗ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ បានរួចរាល់ សម្រាប់បង្ហាញពីការទទួលខុសត្រូវក្នុងកិច្ចការពារទឹកដីនៃយើង។
ព្រះអង្គ បានកោតសរសើរយ៉ាងស្ងប់ស្ញែង ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែន និងបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ មានភាពសុខសាន្ត គ្មានអ្វីកើតឡើងនោះទេ។ អាស្រ័យហេតុនេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានជំនឿជឿជាក់មកលើ រាជរដ្ឋាភិបាល ដែលកំពុងដឹកនាំ ប្រកបដោយភាពវៃឆ្លាត របស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងនឹងរូបរួមគ្នា ដើម្បីការពារទឹកដីរបស់យើង និងសាមគ្គីគ្នា លើការអភិវឌ្ឍន៍ផ្លូវបន្ថែម ព្រោះថា ពេលមានផ្លូវទៅដល់ គឺមានទឹក មានភ្លើង មានប្រជាពលរដ្ឋ ទៅដល់តាមក្រោយនោះហើយ។ ដូចនេះយើងត្រូវតែនាំគ្នាកសាងឲ្យបានផ្លូវ ទុកជាមរតក ទុកជាឯកសារប្រវត្តិសាស្ត្រ សម្រាប់កូនចៅនាថ្ងៃអនាគត។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ឱ្យដឹងថា ការនិមន្តមកកាន់ខេត្តស្ទឹងត្រែង របស់ព្រះធម្មវនវាសី បណ្ឌិតចន្ទ មុនី ព្រះអង្គនឹងជួបជាមួយប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង នៅវត្តស្រះកែវមុនីវណ្ណ សម្តែងធម្មទេសនា ,និមន្តទស្សកិច្ចតាមខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនលេខ០៣៥-០៣៨ ច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀល ,និមន្តទស្សកិច្ចស្តូបអនុស្សាវរីយ៍ សម្តេចព្រះបរមរតនកោដ្ឋ ក្នុងស្រុកបុរីអូរស្វាយសែនជ័យ ,បន្តមកទស្សនកិច្ចតំបន់មរតកប្រសាទព្រះគោ ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់ និងនៅចុងក្រោយ នៃដំណើរទស្សនកិច្ច នៅខេត្តស្ទឹងត្រែង ព្រះអង្គនឹងនិមន្តបន្តទៅកាន់ខេត្តព្រះវិហារ និងបណ្តាខេត្តជាប់ព្រំដែន ជាច្រើនទៀត៕