ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ អភិបាលស្រុកចិត្របុរី និងមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់ និងសុរិយោដីខេត្តក្រចេះ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នេះ បានធ្វើពិធីប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ពាន់ ៦០០ក្បាលដី ជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិចំនួន៥ ស្ថិតក្នុងស្រុកចិត្របុរី ខេត្តក្រចេះ ។
អភិបាលស្រុកចិត្របុរី លោក យិន វណ្ណៈ បានថ្លែងថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ គឺជាការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លីស្របច្បាប់ និងជំរុញការប្រើប្រាស់ដីឱ្យអស់សក្តានុពល សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ ។
លោក យិន វណ្ណៈ បានបន្តថា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលនឹងបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការ សំដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ។
លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការសម្រេចកិច្ចការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវ និងមានតម្លាភាព និងបានកោតសរសើរ ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងគ្រប់ជំហាន នៃការចុះបញ្ជីដីធ្លី រហូតដល់បានទទួលបណ្ណកម្មសិទ្ធិដីធ្លី នាពេលនេះ ។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្មសំណង់ និងសុរិយោដីខេត្តក្រចេះ លោក អ៊ូ សុបុណ្ណា បានបញ្ជាក់ថា លទ្ធផលសម្រេចបាន ចាប់ពីខែមករា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ ខេត្តក្រចេះ ការប្រកាសតំបន់វិនិច្ឆ័យ និងបានចុះវាស់វែងស្រង់ទិន្នន័យ ទិន្នន័យក្បាលដីបានចំនួន ១៩៣ភូមិ និង៤៥ ឃុំ/សង្កាត់ ៧ក្រុង/ស្រុក ហើយបាន និងកំពុងបន្តនីតិវិធីបិទផ្សាយជូនប្រជាពលរដ្ឋ ក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ។
លោក អ៊ូ សុបុណ្ណា បានបញ្ជាក់ទៀតថា ដើម្បីសម្រេច និងបញ្ចប់ការងារចុះបញ្ជីដីធ្លីតាមបណ្តាស្រុក-ឃុំ-ភូមិ មន្ទីរបានប៉ាន់ស្មានក្បាលដីនៅសល់ប្រមាណ ១៦ម៉ឺន ៩ពាន់ ១៨៧ក្បាលដីក្នុងខេត្តក្រចេះ សម្រាប់អនុវត្តបញ្ចប់ផែនការឆ្នាំ២០២៤-២០២៥ និងឲ្យស្របតាមផែនរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំណត់ក្នុងការចុះបញ្ជីក្បាលដីចំនួន ៥លានក្បាលដី ទូទាំងប្រទេស សម្រាប់ផែនការឆ្នាំ២០០៤-២០២៥ ៕