ប្រជាពលរដ្ឋបានលើកយកបញ្ហាប្រឈម ៥ចំណុច ស្នើដល់អាជ្ញាធរឱ្យជួយដោះស្រាយ ក្នុងវេទិការសាធារណៈមួយ នៅក្នុងខេត្តក្រចេះ !

0

ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងក្រចេះ បានលើកយកបញ្ហាប្រឈមធំៗ ៥ចំណុច មកស្នើដល់អាជ្ញាធរថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ (អាជ្ញាធរខេត្ត) ឱ្យជួយពន្លឿនលើការដោះស្រាយ ដែលជាក្តីកង្វល់របស់ពួកគាត់ នៅក្នុងវេទិការសាធារណៈមួយ ដែលបានធ្វើឡើងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
វេទិការសាធាណៈនោះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ទន់ សារ៉ាត់ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងក្រចេះ ,ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដោយមានការចូលរួមពីមន្ត្រីខេត្ត ក្រុង កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋដ៏ច្រើនកុះករ ផងដែរ។
បញ្ហាប្រឈមទាំង ៥ចំណុច ដែលប្រជាពលរដ្ឋជួបប្រទះជាប្រចាំ និងស្នើឱ្យជាអ្ញាធរជួយដោះស្រាយនោះ រួមមាន៖ ស្នើសុំឱ្យជួយសម្រួលតំម្លៃសំរាម -ស្នើរុះរើសបង្គោលខ្សែកាមចាស់ដែលមិនប្រើចេញ -សុំផ្លូវបេតុង១ខ្សែក្នុងសង្កាត់ក្រចេះ -ស្នើជួយពន្លឿនចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងស្នើឱ្យអាជ្ញាធរជួយកាយថ្មចេញពីលូកុំឱ្យទឹកស្ទះ។
ស្របពេលជាមួយគ្នានោះ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងក្រចេះ ក្រុមការងារថ្នាក់ខេត្ត មន្ទីរ អង្គភាពពាក់ពន្ធ័ រួមជាមួយអជ្ញាធរក្នុងមូលដ្ឋាន បានបកស្រាយបំភ្លី រាល់បញ្ហ ដែលប្រជាពលរដ្ឋបានស្នើសុំ និងលើកឡើងពីបញ្ហាប្រឈមផ្សេងៗ នៅក្នុងអង្គវេទិការសាធារណៈ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ឋសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧នេះ ។
ឯកឧត្តម ទន់ សារ៉ាត់ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងក្រចេះ បានណែនាំដល់មន្រ្តីជំនាញពាក់ព័ន្ធ ឱ្យធ្វើការពន្យល់បកស្រាយ និងដោះស្រាយនៅនឹងកន្លែងភ្លាមៗ ជូនបងប្អូនប្រជាពលរដ្ឋ ទៅតាមសំណូមពររបស់គាត់ចង់បាន។
អភិបាលខេត្តក្រចេះ ឯកឧត្តម វ៉ា ថន បានជម្រុញដល់រដ្ឋបាលក្រុង ត្រូវធ្វើការពិភក្សាជាមួយក្រុមហ៊ុនដេញថ្លៃសំរាម និងត្រូវសម្រួលដល់ការបញ្ចុះតំម្លៃសំរាមដល់ប្រជាពលរដ្ឋ រដ្ឋបាលសង្កាត់ក្រចេះ ត្រូវធ្វើការពិភក្សា និងចាត់ជាអាទិភាពក្នុងផែនការវិនយោគ ឃុំ-សង្កាត់ នៅឆ្នាំខាងមុខ មន្ទីរសាធាណៈការ និងដឹកជញ្ជូនខេត្ត ត្រូវសហការដឹកនាំយកគ្រឿងចក្រ ចុះកាយថ្មចេញពីលូកុំឱ្យទឹកស្ទះ និងហូរចូលផ្ទះប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ។
ឯកឧត្តម អភិបាលខេត្តក្រចេះ បានបញ្ជាក់ថា អាជ្ញាធរបានទទួលយកនូវរាល់សំណូមពរ និងដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ដើម្បីផ្តល់ជាប្រយោជន៍រួមក្នុងសហគមន៍ ដោយមិនប្រកាន់ពូជសាសន៍ណាមួយឡើយ សំដៅលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរស់នៅតាមជនបទ និងបង្ខិតសេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន ឱ្យកាន់តែកៀកនៅមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕