រដ្ឋមន្ត្រីក្រសួងរ៉ែ និងអភិបាលខេត្តកំពង់ចាម ជួបសំណេះសំណាលជាមួយបុគ្គលិក-កម្មករ របស់ក្រុមហ៊ុន ឡុង ស្រេង (ចំការកៅស៊ូ បឹងកេត) ចំនួន១៣៣០នាក់

0

កំពង់ចាម: ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា ប្រសិនបេីចង់ឱ្យជីវភាពទូលាយត្រូវការ ការងារធ្វើ មិនមែនត្រូវការ ការជេរគ្នាទេ និងត្រូវការ ការជួយគ្នាទៅវិញទៅមកទៀតផង ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិក-កម្មករ របស់ក្រុមហ៊ុន ឡុង ស្រេង អ៊ីនធើណេស៊ីនណល (ចំការកៅស៊ូ បឹងកេត) ចំនួន១៣៣០នាក់ នៅស្ទឹងត្រង់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលេីកឡេីងថា ប្រសិនបើចង់ឱ្យការងារដែលមានហើយ ប្រាក់ខែបានច្រើនទៀតនោះ គឺធ្វេីយ៉ាងណាត្រូវឱ្យទីផ្សារយេីងរីក ឱ្យផលិតផលយេីងលក់ដាច់ និងមានគុណភាពល្អ ឋាមពលបៃតង ទីផ្សារទូលំទូលាយ ហើយចំណាយថ្លៃដើមទាប ទេីបធ្វើឱ្យប្រាក់ខែកម្មករយេីងឡើងខ្ពស់ទ្វេដង ដូច្នេះសូមឱ្យបងប្អូនចេះជួយគ្នាទៅវិញ ទៅមកផង ។

ឯកឧត្តម កែវ រតនៈ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន ឡុង ស្រេង បានវិនិយោគ ផ្តល់ការងារ អតិបរមាឱ្យបងប្អូនប្រជាពលរដ្ឋយើង មានការងារធ្វើ ហើយការផ្ដល់ការងារ អតិបរមានេះ មិនមែនគ្រាន់តែ បានប្រាក់ខែមក បានផលត្រឹមតែកម្មករយើងនោះទេ ពោលគឺពេលដែលបងប្អូនបានប្រាក់ចំណូលហើយនោះ គឺបងប្អូនតែងតែយកប្រាក់ទៅទិញម្ហូបអាហារ ឬរបស់របរផ្សេងៗ ដូចជាការជួយចិញ្ចឹមគ្រួសារខ្មែរយើងជាច្រើនទៀតផងដែរ ។

ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានយកឱកាសនោះ ដើម្បីរំលឹកគុណឧបការៈ ដែលកាត់ថ្លៃមិនបាន ទៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវក្តីសុខ ផ្តល់អាយុជីវិតដល់យេីងទាំងអស់គ្នា និងថ្លែងអំណរគុណដល់ការបន្តវេនប្រកបដោយក្តីសុខ និងការរីកចម្រើន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រសូត្រចេញ ពីការបោះឆ្នោតដោយ សេរី តម្លាភាព យុត្តិធម៌ ។

បេីតាមលោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុន ឡុង ស្រេង បានឱ្យដឹងថា ក្រុមហ៊ុនមានផ្ទៃដីសរុបជិត ៧០០០ហិកតា ក្នុងនោះផ្ទៃដីចម្ការ កៅស៊ូ ជាង ៣០០០ហិកតា ផ្ទៃដីចំការចេក មានជាង ២០០០ហិកតា ផ្ទៃដីដាំធុរេនមានជាង ៥០០ហិកតា ផ្ទៃដីចម្ការតាង៉ែន ២០០ហិកតា និងផ្ទៃដីដាំក្រូចថ្លុង មាន៧០ហិកតា ។ ទន្ទឹមនឹងនេះ ការនាំចេញកៅស៊ូបានប្រមាណជា ៤៥០០តោន និងចេក ៩ម៉ឺនតោន ក្នុង១ឆ្នាំ ផងដែរ ៕