អ្នកសារព័ត៌មានស្រ្តីមួយចំនួនកំពុងជួបបញ្ហាប្រឈមក្នុងអាជីពជាអ្នកយកព័ត៌មាន

0

ព្រះសីហនុ៖ ក្រុមអ្នកសារព័ត៌មានស្រ្តីមួយចំនួនបានលើកឡើងថា ពួកគេកំពុងជួបប្រទះបញ្ហាប្រឈមនៅខណៈពេលកំពុងចុះបំពេញការងារក្នុងវិស័យផ្សព្វផ្សាយនៅក្នុងតំបន់គោលដៅ។ ជាមួយគ្នានេះតាមរយៈអង្គវេទិកាមួយដែលរៀបចំឡើងដោយ​មណ្ឌលព័ត៌មានស្ត្រីកម្ពុជា សហកាជាមួយនឹងបណ្តាញអ្នកសារព័ត៌មានស្រ្តី CFJ បានធ្វើការជួបជុំស្ត្រីជាអ្នកសារព័ត៌មាន ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ​ជុំវិញបញ្ហាប្រឈមដែលអ្នកសារព័ត៌មានស្រ្តីកំពុងជួបប្រទះ។

នៅក្នុងវេទិកាបញ្ចេញមតិ ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ នៅឯខេត្តព្រះសីហនុ អ្នកស្រី ស៊ីម ពិសី អ្នកសារព័ត៌មានឯករាជ្យមកពីរាជធានីភ្នំពេញ បានបញ្ជាក់ថា យោងតាមការលើកឡើងរបស់អ្នកសារព័ត៌មានស្រ្តីភាគច្រើន គឺពួកគេបានជួបប្រទះនូវបញ្ហាមួយចំនួនដូចជា ពិបាកស្វែងរកប្រភពសម្ភាសន៍ ទទួលរងការគំរាមកំហែងនៅពេលចុះសម្ភាសន៍មន្ត្រីមានអំណាច និងមានការលាក់បាំងព័ត៌មានមិនអោយផ្សាយជាដើម។ ​

បើតាម អ្នកស្រី ស៊ឹម ពិសី បានបញ្ជាក់ថា៖«អង្គវេទិកានេះបានស្វែងរកអ្នកជំនាញដើម្បីជួយដោះស្រាយនូវបញ្ហារបស់ស្រ្តី​ពិសេសជាងនេះទៀត គឺការប្រឹក្សាយោលបល់ផ្នែកផ្លូវចិត្ត​និងសេវាការពារអ្នកសារព័ត៌​មានស្រ្តីតាមផ្លូវច្បាប់ផងដែរ។

បើតាមអ្នកយកព័ត៌មានវ័យក្មេងម្នាក់ទៀត កញ្ញា ចាន់ គឹមជេង មកពីសហគមន៍ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងបានឱ្យដឹងថា កញ្ញាជាសកម្មជនការពារធនធានធម្មជាតិ​នៅក្នុងសហគមន៍ផងនិងជាអ្នកសារព័ត៌មាននៅក្នុងស្រុកដែលគាត់កំពុងរស់នៅផង ដូច្នេះអាជ្ញាធរនិងមន្ត្រីមានអំណាចមិនសូវជាពេញ​ចិត្តគាត់ទេ។

កញ្ញាបញ្ជាក់ថា«ខ្ញុំគិតថា​ វាពិបាកមែនទែន ពិសេសការយកព័ត៌មានជាមួយនឹងភាគីពាក់ព័ន្ធ ដែលគាត់ធ្វើរឿងបទល្មើសផ្សេងៗ ដូចខ្ញុំផ្ទាល់នៅពេលដែលខ្ញុំចុះទៅយកព័ត៌មានកាប់បំផ្លាញព្រៃឈើផ្សេងៗចឹង យើងត្រូវការជួយជាមួយជំនាញ ជួបជាមួយនឹងអាជ្ញាធរ ប៉ុន្តែគ្រាន់តែយើងខលទៅយើងគាត់សួរថា អូនឯងជាអ្នកណា យើងថាជាអ្នកកាសែត គាត់បិទគ្រិប គឺលែងនិយាយជាមួយយើងតែម្តង»។

សូមបញ្ជាក់ថា វេទិកាបញ្ចេញមតិរបស់អ្នកសារព័ត៌មានស្រ្តី គឺបានផ្តោតសំខាន់លើការចែករំលែកចំណេះដឹង បញ្ហាប្រឈម និងដំណោះស្រាយសម្រាប់អ្នកសារព័ត៌មានស្រ្តីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ វេទិកានេះត្រូវបានគ្របដណ្តប់ទៅលើខេត្តចំនួន២រួចមកហើយ គឺខេត្តសៀមរាបនិងខេត្តព្រះសីហនុ។ តាមរយៈវេទិកាមួយនេះ អ្នកសារព័ត៌​មានស្រ្តីបានចូលរួមបង្ហាញពីក្តីព្រួយបារម្ភ បញ្ហាប្រឈម និងកង្វល់របស់ពួកគេ ដែលបានកើតឡើងនៅក្នុងអាជីពជាអ្នកយកព័ត៌មាន។ មិនត្រឹមប៉ុណ្ណោះវេទិកានេះ ក៏បានដាក់បញ្ជូលនូវសេវាប្រឹក្សាផ្លូវចិត្តពីអ្នកជំនាញ ព្រមទាំងកិច្ចការពារអ្នកសារព័ត៌មានស្ត្រី​តាមផ្លូវច្បាប់ផងដែរ៕