ប្រជាសហគមន៍កសិកម្មជាង ២៧០នាក់ ទទួលបានពូជដំណាំ និងជីធម្មជាតិ ពីអាជ្ញាធរខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដឹកនាំមន្ត្រីខេត្ត ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធ នាំយកពូជដំណាំកសិកម្ម រួមមាន៖ ស្វាយចន្ទី ស្វាយកែវរមៀត និងជីធម្មជាតិ ទៅប្រគល់ជូនប្រជាសហគមន៍កសិកម្មវាលពោធិចំនួន ២៧២នាក់ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ដើម្បីបង្កើនការដាំដុះបន្ថែម ដែលអាចឈានទៅពង្រឹង និងជំរុញសហគមន៍ឱ្យដំណើរការទៅ កាន់តែមានភាពរីកចម្រើនថែមទៀត នៅបំណាច់ឆ្នាំ២០២៤នេះ។

ពិធីចែកពូជដំណាំកសិកម្ម និងជីធម្មជាតិ ដល់ប្រជាសហគមន៍កសិកម្មវាលពោធិ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នេះ បានធ្វើឡើងនៅក្នុងបរិវេណ សាលាបឋមសិក្សាវាលពោធិ៍ ស្ថិតនៅក្នុងភូមិវាលពោធិ ឃុំអន្លុងភេ ស្រុកថាឡាបរិវ៉ាត់ ដែលបានរៀបចំឡើងដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បានបញ្ជាក់ប្រាប់ប្រជាកសិករថា ពូជដំណាំទាំងនេះ សូមបងប្អូនយកទៅដាំដុះតាមមន្ត្រីជំនាញកសិកម្មណែនាំ  ដើម្បីធ្វើឱ្យការដាំដុះទទួលបានការលូតលាស់ល្អ  ព្រោះមន្ត្រីជំនាញបានផ្តល់ទាំងពូជ និងជីកសិកម្ម  សម្រាប់យកទៅប្រើប្រាស់ ផងដែរ។

លោក ទុំ នីរ៉ូ បានបន្តថា ប្រសិនបើមិនយល់នៅចំណុចណាមួយ អាចសួរនាំមន្ត្រីជំនាញបាន  ហើយពេលដាំដុះទៅលូតលាស់ធំបានល្អ  និងបានបន្តពូជចែកចាយគ្នា  នៅឆ្នាំក្រោយ  ទាំងស្វាយកែវរមៀត  ស្វាយចន្ទី និងដំណាំឈើហូបផ្លែ  ដើម្បីយើងរួមគ្នាដាំដុះ  កុំទុកផ្ទៃដីឱ្យនៅទំនេរ ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ថា នេះជាយុទ្ធសាស្ត្រពង្រីកការដាំដុះឱ្យបានច្រើន   ហើយពេលបានផល ប្រជាជនយើង នឹងមានជីវភាពធូរធារ  សង្គមគ្រួសារ នឹងមានភាពរីកចម្រើនទៅតាមនោះដែរ។ លោកថា នៅពេលបងប្អូនដាំដំណាំបានច្រើន ពេលប្រមូលផល ដូចជាដំឡូងមី  គ្រាប់ស្វាយចន្ទី ស្វាយកែវរមៀត និងឈើហូមផ្លែ ជាដើម លក់បានប្រាក់ចំណូល សម្រាប់ដោះស្រាយជីវភាពរស់នៅ បង្ហាញពីបងប្អូនធ្វើជាម្ចាស់លើការងារដោយខ្លួនឯងនៅក្នុងស្រុក នោះហើយយើងកាត់បន្ថយបាន ការចេញទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម និងធ្វើចំណាកស្រុក ។

លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែង ចាត់ទុកការផ្តល់ពូជដំណាំនេះ បានបង្ហាញពីការគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែកស្មារតី ដែលជាយន្តការមួយដ៏ត្រឹមត្រូវ ក្នុងការបង្កើនលទ្ធភាព និងសេដ្ឋកិច្ចស្បៀង ទៅតាមគ្រួសាររបស់កសិករមកដល់ទីជនបទ ស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ក្នុងការជំរុញឱ្យមានកំណើតសេដ្ឋកិច្ចជាតិ ។

ប្រជាកសិករដែលទទួលបានពូជដំណាំ បានសម្ទេងការគាំទ្រ និងបានថ្លែង ចាត់ទុកការផ្តល់ពូជដំណាំពីអាជ្ញាធរខេត្ត ក៏ដូចមន្ទីរកសិកម្មខេត្ត គឺជាដំណោះស្រាយមូយ និងបានជំរុញឱ្យប្រជាកសិករ ដែលជាសមាជិកសហគមន៍ ខិតខំប្រឹងប្រែងធ្វើការដាំដុះ និងថែទាំឱ្យទទួលបានទិន្នផលច្រើន ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបានល្អប្រសើរ ។

គួរបញ្ជាក់ថា សហគមន៍កសិករចន្ទីវាលពោធិ  មានចំនួនជាង ២០០គ្រួសារ ត្រូវបានមន្ត្រីជំនាញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ផ្តល់ពូជស្វាយចន្ទីចំនួន២ពាន់ដើម  ស្វាយកែវរមៀត១ពាន់ដើម  និងជីកសិកម្មសម្រាប់ទ្រាប់គល់ ចំនួន ១តោន   ដើម្បីបង្កើនផ្នែកដាំដុះនៅក្នុងសហគមន៍៕ដោយ៖ឡុង សំបូរ