ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋដ៏ច្រើនកុះករ មកពីសង្កាត់ទាំង៤ នៃក្រុងស្ទឹងត្រែង បាននាំគ្នាចូលរួមក្នុងវេទិកាសាធារណៈមួយ ដែលរៀបចំឡើងដោយរដ្ឋបាលក្រុង និងក្រុមប្រឹក្សាក្រុងស្ទឹងត្រែង នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅសាលាក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
វេទិកាពិគ្រោះយោបល់នោះ ត្រូវបានប្រជាពលរដ្ឋលើកយកមកចោទជាសំនួរ និងសំណូមពរចំនួន ៣៣ចំណុច ជាពិសេសពាក់ព័ន្ធនឹងការងារវាស់វែងដីធ្លី ,ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ,បញ្ហាអគ្គិសនី ,ការប្រមូលសំរាម និង ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុង ដើម្បីឱ្យអាជ្ញាធរក្រុង ក្រុមប្រឹក្សាក្រុង មន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយស្រាយបំភ្លឺ និងដោះស្រាយកង្វល់ជូនពួកគាត់ និងដើម្បីបញ្ចប់មន្ទិលសៅហ្មង ដែកើតមាននៅក្នុងចិត្តកន្លងមក ។
សំនួរ និងសំណូមពរទាំង ៣៣ចំណុច ដែលប្រជាពលរដ្ឋចោទសួរទៅអាជ្ញាធរ ត្រូវបានមន្ត្រីជំនាញស្រាយបំភ្លឺភ្លាមៗ ២៥សំនួរ និងនៅសល់ ៨សំនួរ និងសំណូមពរទៀត ត្រូវលើកយកទៅពិភាក្សា និងដោះស្រាយ ជូនប្រជាពលរដ្ឋនៅពេលក្រោយ។
ការបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង នាពេលនោះ ត្រូវគេដឹងថា គឺដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ក្រុងស្ទឹងត្រែង និងបញ្ហាប្រឈមនានា ដែលកើតមានកន្លងមក ពិសេសវេទិកានេះ បានផ្តល់នូវឱកាសឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បានបញ្ចេញមតិ ក្តីកង្វល់ សំណូមពរ និងតម្រូវការរបស់ខ្លួននៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ។
ប្រធានក្រុមប្រឹក្សាក្រុងស្ទឹងត្រែង លោក សៀ ហេង បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ បានផ្តោតសំខាន់ទៅលើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការងារសុខាភិបាល សុខភាពសាធារណៈ ការងារអប់រំសិក្សាធិការ (ការបង្រៀន និងរៀន របស់គ្រូ និងសិស្ស) ការងារកសិកម្ម ការបង្ករបង្កើនផល ការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ។
លោក សៀ ហេង បានបន្តថា វេទិកានេះបានផ្តល់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នូវឱកាស ដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ជាមួយប្រជាពលរដ្ឋ តំណាងសង្គមស៊ីវិល វិស័យឯកជន និង អ្នកជំនាញនានា ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងផ្តល់ប្រឹក្សា អំពីអាទិភាព នៃការងារអភិវឌ្ឍន៍នៅក្នុងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់។
លោកប្រធានក្រុមប្រឹក្សាក្រុងស្ទឹងត្រែង បានបន្តទៀតថា រដ្ឋបាលថ្នាក់ក្រោមជាតិ មានឱកាសបង្ហាញពីគណនេយ្យភាព ផែនការអភិវឌ្ឍរបស់ខ្លួនដល់សាធារណជន ហើយប្រជាពលរដ្ឋអាចពិភាក្សា អំពីការងារនៅមូលដ្ឋាន ដោយសម្តែងចេញនូវបំណងប្រាថ្នា និងការព្រួយបារម្ភរបស់ខ្លួន និងលើកឡើងនូវអនុសាសន៍សម្រាប់កែលម្អ ។
លោក សៀ ហេង បានថ្លែង ចាត់ទុកការបង្កើតឡើង នូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺជាមធ្យោបាយដ៏ប្រសើរមួយ ដើម្បីជំរុញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យមានតម្លាភាព លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន និងគាំទ្រដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ។
អភិបាលក្រុងស្ទឹងត្រែង លោក សាយ កុសល បានថ្លែងថា រដ្ឋបាលក្រុងតែងតែយកចិត្តទុកដាក់លើកកម្ពស់សន្តិសុខ សុវត្ថិភាពសង្គម ព្រមទាំងការលើកស្ទួយការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងក្រុងឲ្យមានការរីកចំរើន ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍន៍សហស្សវត្សកម្ពុជា គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅលើកកម្ពស់ អភិបាលកិច្ចល្អ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕ដោយ៖ឡុង សំបូរ