(កំពង់ធំ)÷ រដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំពិធីក្រុងពាលីសុំសេចក្តីសុខ និងបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីក្រោមអធិបតីភាព លោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ និងលោក កុច ស៊ុនហូ ប្រធានក្រុមប្រឹក្សាស្រុក។
ក្នុងពិធីក្រុងពាលីសុំសេចក្តីសុខ មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក កងកម្លាំងទាំងបី មន្ត្រីរាជការនៃរដ្ឋបាលស្រុក ប្រធានមណ្ឌលសុខភាពទាំងបី ព្រមទាំងលោកមេឃុំនិងស្មៀនឃុំទាំង៥ផងដែរ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរបានលើកឡើងថា ដើម្បីឱ្យមន្ត្រីរាជការនៅក្នុងស្រុក យកចិត្តទុកដាក់ទៅលើការងារប្រកបដោយគុណភាព និងមានការទទួលខុសត្រូវខ្ពស់មានសុវត្ថិភាពក្នុងការងារផងដែរនោះ។រដ្ឋបាលស្រុកទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធថ្មី បានធ្វើឱ្រមន្ត្រីរាជការទាំងអស់ មានភាពសប្បាយរីករាយដែលបានទទួលអគារថ្មីប្រកបដោយគុណភាព និងបច្ចេកទេសស្តង់ដាក្នុងការអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថាអគាររដ្ឋបាលថ្មីជាអគាររដ្ឋបាលស្រុកស្តង់ដាទូទាំងប្រទេសដែលមានទំហំ២៩,៤ម៉ែត្រx១២ម៉ែត្រ កម្ពស់១៣ម៉ែត្រ គឺផ្នែកមួយនៃកំណែទម្រង់ និងការអភិវឌ្ឍសំណង់បម្រើសេវាសាធារណៈរបស់រាជរដ្ឋាភិបាលសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរឡើង។ អត្ថបទ វេហាស៍