សៀមរាប ៖ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់មុខតំណែង អភិបាលរង ខេត្តសៀមរាប២រូប ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងឯកឧត្តម លោកជំទាវ ប្រតិភូក្រសួង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្ភភាពពស្ថាប័នជុំវិញខេត្តចូលរួមប្រមាណ៣១៥នាក់ នៅសាលប្រជុំធំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមានប្រសាសន៍ យោងតាមសំណូមពរ និងភាពចាំបាច់ របស់រាជរដ្ឋាភិបាលបានសម្រេច ផ្ទេរភារកិច្ចលោកឌី រ៉ាដូ ពីអភិបាលរងខេត្តឧត្តមមានជ័យ មកជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ប៉ិន ប្រកដ ដែលត្រូវបានផ្ទេរភារកិច្ច ទៅជាអភិបាលរងខេត្តបាត់ដំបង តែងតាំងលោក ហែន ពុទ្ធី នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ជាអភិបាលរងខេត្តសៀមរាប ជំនួស ឯកឧត្តម លី សំរិទ្ធ ដែលបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ក្នុងនោះក៏បានណែនាំឲ្យអភិបាលរងខេត្តទាំងពី ដែលទើបតែប្រកាសចូលកាន់មុខតំណែងថ្មី ឲ្យខិតខំអនុវត្តតួនាទីរបស់ខ្លួន តាមរយះចំណេះដឹង សមត្ថភាព បទពិសោធន៍ដែលមានពីមុនមក ចូលរួមក្នុងការគ្រប់គ្រង និងការអភិវឌ្ឍន៍ មូលរដ្ឋានខេត្តសៀមរាប ឲ្យកាន់តែរីកចម្រើនថែមទៀត ។
ឯកឧត្តមអភិបាលរងខេត្ត បានប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមថែរក្សាការពារបូរណភាពទឹកដី គោរពអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងខណ្ទ ប្តេជ្ញាគោរពតាមការណែនាំរបស់អភិបាលខេត្ត និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ចូលរួមសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាពឲ្យបានល្អប្រសើរ ដើម្បីសំដៅភាពជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តម ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញសំណេះសំណាល ផ្តាំផ្ញើជូនដល់អភិបាលរងដែលទើបនឹងត្រូវបានតែងតាំងថ្មី ឲ្យដឹកនាំប្រកបដោយអភិបាលកិច្ចមូលដ្ឋាន ដែលមានកក្តា២ ទី១ គឺជាការគាំទ្ររបស់ប្រជាពលរដ្ឋ ទី២គឺភាពត្រឹមត្រូវក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយតម្លាភាព និងក្រោមការដឹកនាំដោយ ឯកឧត្តម លី សំរិទ្ធ និងការចង្អុលបង្ហាញពីឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងរួមគ្នាសម្រេចភារកិច្ចធំៗរបស់រដ្ឋបាលខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏មានសារៈសំខាន់ ។
ឯកឧត្តម ឯកឧត្តម អ៊ុ ម៉ារ៉ា ក៏បានក្រើនរំលឹកដល់ អាជ្ញាធរខេត្តសៀមរាប អាជ្ញាធរស្រុក និងឃុំសង្កាត់ ចូលរួមគោរពអនុវត្តគោលនយោបាលភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល រួមគ្នាលុបបំបាត់ល្បែងស៊ីសង គ្រឿងញៀន និងក្មេងទំនើង កុំឲ្យមានក្នុងមូលដ្ឋាន និងសំណូមពរដល់លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស ត្រូវចូលរួមអប់រំកូនចៅឲ្យក្លាយទៅជាសិស្សល្អ មនុស្សល្អនៅក្នុងសង្គម ។
ដោយ ប៊ុន រដ្ឋា