សៀមរាប: អភិបាលរងខេត្តសៀមរាបថ្មី ចំនួនពីររូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ អធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ទូទាំងខេត្តជាច្រើនរូប។
ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការប្រកាសចូលកាន់តំណែងអភិបាលរងខេត្តសៀមរាប ពីររូប នាពេលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើការគាំទ្រដល់រដ្ឋបាលខេត្ត ក្រុងស្រុក និងឃុំសង្កាត់ ក្នុងការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដែលបង្កើតបាននូវ កាលានុវត្តភាព ក្នុងការអភិវឌ្ឍ តាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមបង្ហាញក្ដីជឿជាក់ថា អភិបាលរងខេត្តថ្មីទាំង២ ដែលត្រូវប្រកាសនៅថ្ងៃនេះ នឹងអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនប្រកបដោយការសហការ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងចូលរួមចំណែកធ្វើឱ្យការអនុវត្តការងារក្នុងជួរគណៈអភិបាលខេត្តកាន់តែមានប្រសិទ្ធភាពផងដែរ។
លោក ឌី រ៉ាដូ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងខេត្តឧត្តរមានជ័យ មកជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ពិន ប្រាកដ ដែលបានផ្ទេរភារកិច្ចទៅជាអភិបាលរងខេត្តបាត់ដំបង និង លោក ហែន ពុទ្ធី ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួស ឯកឧត្តម លី សំរិទ្ធ ដែលត្រូវបានប្រកាសតែងតាំងចូលកាន់មុខតំណែងជា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប។
ឯកឧត្តម អ៊ុំ ម៉ារ៉ា បានជំរុញឱ្យលោកអភិបាលរងខេត្តទាំង ពីររូប ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍តាមតួនាទីភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធដែលមានពីមុនមក ចូលរួមក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ ក្នុងនោះសូមឱ្យអាជ្ញាធរខេត្តសៀមរាប ត្រូវបន្តយកចិត្តទុកដាក់ តាមដាន និងក្តាប់ឱ្យបាននូវសភាពការសន្តិសុខតាមបណ្តាមូលដ្ឋាន សំដៅទប់ស្កាត់សកម្មភាពរបស់ក្រុមអគតិមួយចំនួន ដែលប៉ុនប៉ងបង្កអសន្តិសុខ ភាពវឹកវរ ចលាចល ក្នុងសង្គមតាមគ្រប់រូបភាព ជាពិសេសពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាទុច្ចរិតនៅតាមបណ្តាញសង្គមនានា។ ឯកឧត្តម បញ្ជាក់ថា ការថែរក្សាបាននូវសន្តិភាព គឺនាំមកនូវការអភិវឌ្ឍ ដូច្នេះសន្តិភាពជាកត្តាគន្លឹះចម្បង ដែលត្រូវយកចិត្តទុកដាក់ ព្រោះបើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍ ហើយការរស់នៅប្រចាំថ្ងៃក៏គ្មានសេចក្តីសុខដែរ។
ឯកឧត្តមរដ្ឋលេខាធិកា ក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ត្រូវដឹកនាំសម្របសម្រួលជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ដើម្បីពន្លឿនការផ្ទេរសេវានានាដែលនៅសេសសល់មកឱ្យអង្គភាពច្រកចេញចូលតែមួយ និងលើកកម្ពស់ក្នុងការបណ្តុះបណ្តាលការកសាងសមត្ថភាពដល់មន្ត្រីបំពេញការងារនៅច្រកចេញចូលតែមួយឱ្យបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព មានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងយកចិត្តទុកដាក់ដោះស្រាយលើសំណើ សំណូមពរ បណ្តឹង និងការទាមទារតវ៉ានានារបស់ប្រជាពលរដ្ឋ ដោយត្រូវចាត់តាំងមន្ត្រីសហការរៀបចំវេទិកាសាធារណៈជាមួយពួកគាត់។ ចៀសវាងមើលរំលងលើបញ្ហាតូចតាច ផ្ទុយទៅវិញបញ្ហាតិចតួចក៏វាក្លាយជាបញ្ហាធំបានដែរបើយើងមិនដោះស្រាយឱ្យទាន់ពេលវេលា៕