កំពង់ចាម: លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម អមដំណើរដោយលោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងក្រុមការងារ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់គ្រួសារពលរដ្ឋ ដែលពិការភាព មានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ក្នុងស្រុកចំការលើ ក្នុងនោះ ឃ៉ំជយោ ២គ្រួសារ ឃ៉ំស្ពឺ ២គ្រួសារ ឃ៉ំស្វាយទាប ២គ្រួសារ ភូមិល្វាលើ ២គ្រួសារ និងឃ៉ំតាអុង ២គ្រួសារ ។
ក្នុងឱកាសនោះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ពិសេស ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្ដេចតែងខ្វល់ខ្វាយ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជាប្រចាំ ហើយតែងបានចាត់តំណាងឱ្យចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនពួកគាត់បានទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណៈ តាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “មិនទុកនរណាម្នាក់ចោលឡើយ” ។
យកឱកាសនោះដែរ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា និងលោកជំទាវ ប៉ាង ដានី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានពិការភាព ក៏ដូចជា ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន ពីព្រោះ រដូវនេះ មានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ត្រូវបង្ការខ្លួន ជៀសផុតពីគ្រោះថ្នាក់ ដល់អាយុជីវិត ។ លើសពីនេះទៀត ត្រូវយកចិត្តទុកដាក់ លើសុខភាព ដោយអនុវត្តវិធានការអនាម័យស្អាត ៣ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ។
គួរបញ្ជាក់ថា អំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលផ្ដល់ជូនដល់ គ្រួសារប្រជាពលរដ្ឋ ដែលមានពិការភាព និង មានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម,មី ១កេស,ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ ,ឃីត ១សម្រាប់ និង ថវិកាចំនួន ៥០,០០០ រៀល ផងដែរ ៕