ខេត្តស្ទឹងត្រែង៖ នាយករងខុទ្ទកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក កឹមរ័ត្ន វិសិដ្ឋ ដែលជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានណែនាំដល់អង្គការសង្គមស៊ីវិល ដែលកំពុងបំពេញការងារ នៅក្នុងខេត្តស្ទឹងត្រែង បន្តធ្វើសកម្មភាពរបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់ ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់អង្គការ ។
ប្រសាសន៍ណែនាំរបស់ នាយករងខុទ្ទកាល័យ សម្តេចធិបតី លោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែង ក្នុងកម្មវិធីវេទិកាសន្ទនាជាមួយ អង្គការសង្គមស៊ីវិលនៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទស្តីពី “ការឈ្វេងយល់អំពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង។ ពិធីនេះ លោក យឹម ផែន អភិបាលរងខេត្តស្ទឹងត្រែង ,អង្គការសង្គមស៊ីវិល និងសមាជិកដៃគូសហការរបស់វេទិកាសន្ទនាជាមួយ អង្គការសង្គមស៊ីវិល( វ.ស.ស ) ជាច្រើននាក់ ផងដែរ។
អភិបាលរងខេត្តស្ទឹងត្រែង លោក យឹម ផែន បានថ្លែងថា វេទិកានេះពិតជាមានសារៈសំខាន់ណាស់ ព្រោះវេទិកានេះពិតជាបានរួមចំណែកមួយផ្នែកទៀត ក្នុងកិច្ចសហប្រតិបត្តិការពីសំណាក់ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងគ្រប់តួរអង្គពាក់ព័ន្ធ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចបាន នូវក្របខ័ណ្ឌយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១” របស់ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅសម្រេចឱ្យបាននូវកម្មវិធី គោលនយោបាយអាទិភាពទាំង៦ ព្រមទាំងគោលដៅកាត់បន្ថយ នូវអត្រាភាពក្រីក្រ និង លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដែលបានចែងនៅក្នុងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ព្រមទាំងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរដ្ឋបាលខេត្ត ក្នុងការឆ្លើយតបទៅនឹងរបៀបវារៈ ការដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍ស្ថាប័នរដ្ឋបាលសាធារណៈ និងសុខដុមនីយកម្មនៃកិច្ចដំណើរការប្រព័ន្ធសេវាសាធារណៈរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកថា អង្គវេទិកានេះក៏នឹងផ្តល់ឱកាសឱ្យមានការចូលរួមពិភាក្សា សន្ទនាយ៉ាងសកម្មពីអ្នកចូលរួម ក្រោមការសម្របសម្រួលរបស់វាគ្មិនសំខាន់ៗ ដែលមានវត្តមាននៅទីនេះ និងស្របទៅតាមកម្មវិធី នៃអង្គវេទិកាទាំងមូល។
នាយករងខុទ្ទកាល័យ សម្តេចធិបតី នាយករដ្ឋមន្ត្រី លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់សារសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិល ដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិល ជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។
លោក កឹមរ័ត្ន វិសិដ្ឋ បានបន្តថា វេទិកាសន្ទនាដែលជាវេទិកាសម្ព័ន្ធសង្គមស៊ីវិល រៀបចំធ្វើជាទៀងទាត់រៀងរាល់ឆ្នាំ ដើម្បីស្វែងយល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិល នៅថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងពង្រីកភាពជាដៃគូសហការជាមួយអង្គការស៊ីវិល។ ហើយនៅក្នុងឆ្នាំនេះ វេទិកាសន្ទនាជាមួយ អង្គការសង្គមស៊ីវិល (វ.ស.ស) បានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិល ក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើន ដែលអង្គការសង្គមស៊ីវិល ទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំខេត្តស្ទឹងត្រែង ផងដែរ ។
លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ថា សម្រាប់អង្គវេទិកាទាំងមូលបានបើកឱ្យមានការពិភាក្សាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិល និង បានផ្តល់ឱកាសឱ្យពួកគាត់ទទួលបាននូវពុទ្ធិថ្មីៗ អាចចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហាប្រឈម និងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាល ក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្ត ដោយគ្មានការរារាំង ព្រមទាំងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ ដែលអាចទទួលបានពី ប.ស.ស. ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសអង្គការសង្គមស៊ីវិល៕ ដោយ៖ឡុង សំបូរ