​ផ្ទុះ​ហិង្សា​មួយ​ប្រាវ​រវាង​ក្រុមកម្មករ​ជ្រុលនិយម​ជាមួយ​សមត្ថ​កិច្ចការពា​រ​សណ្ដាប់ធ្នាប់​

0

កំពង់ចាម ៖ អំពើហិង្សា​មួយ​បានកើត​ឡើង​រវាង​ក្រុមកម្មករ​មួយក្រុម​តូច ដែល​ទាមទារ​លក្ខខណ្ឌ​ការងារ​ហួស​កំរិត ក្នុងចំណោម​ក្រុមកម្មករ​ដទៃទៀត​រាប់​ពាន់​នាក់​កំពុង​បន្តការងារ​របស់ខ្លួន​ជាធម្មតា ដែល​ហេតុការណ៍​ហិង្សា​នោះ​រហូត​ឈានដល់​មាន​សមត្ថកិច្ច​និង​ក្រុមកម្មករ​ជាច្រើន​នាក់​រងរបួស​

ទៀតផង តែ​ក្រុម​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មេក្រុម​បង្ក​ការផ្ទុះ​ហិង្សា​ចំនួន​១០​នាក់​ផងដែរ​។​​បើតាម​លោក​ហេង វុទ្ធី អធិការនគរបាល​ស្រុក​ជើងព្រៃ​បាន​ឲ្យ​ដឹងថា ដើមឡើយ​មាន​ក្រុមកម្មករ​ប្រមាណ​១០០​នាក់​បាននាំគ្នា​ធ្វើការ​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយចំនួន ពី​រោងចក្រ​ជូ​ហួយ ហ្វូ​ត​វែ មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​ជើងព្រៃ​។IMG-20141025-WA0002_resized_1

ប៉ុន្តែ​ការតវ៉ា​នោះ​ហាក់​គ្មាន​មនុស្ស​ចូលរួម​ដោយសារតែ​ក្រុមកម្មករ​ប្រមាណ​២៧០០​នាក់ នៅ​បន្ត​ធ្វើការ​ក្នុង​រោងចក្រ​ជាធម្មតា​។ ដោយសារ​តែមាន​ការខឹង​សម្បារ​ទើប​ក្រុម​បង្ក​អសន្តិសុខ​ប្រមាណ​១០០​នាក់​នោះ បាន​ផ្ទុះ​ជា​អំពើហិង្សា វាយ​ទ្វារ​រោងចក្រ និង​ប្រើ​ដុំថ្ម​គប់​ទៅលើ​រោងចក្រ ហើយ​ក្នុង​ដៃ​របស់​ក្រុមអ្នកតវ៉ា​មាន​សុទ្ធតែ​ចំ​ពាម​កៅស៊ូ កាំបិត ដំបង និង​ដប​សាំង ធ្វើការ​គប់​សំដៅ​ទៅលើ​ទ្វាររបង​ច្រកចូល​រោងចក្រ​បណ្ដាល​ឲ្យ​ឆេះ​សន្ធោសន្ធៅ​។​​លោក​បន្តថា ដោយ​ឃើញ​សកម្មភាព​បែប​អនាធិបតេយ្យ​និង​ហិង្សា​ធ្ងន់ធ្ងរ​បែបនេះ ទើប​កម្លាំង​របស់លោក​បាន​សហការគ្នា​ទប់ស្កាត់​និង​ចាប់​ឃាត់ខ្លួន​ក្រុម​បង្ក​អសន្តិសុខ​នោះ​ចំនួន​១០​នាក់ ដែល​ក្នុងនោះ​មាន​មន្ត្រី​របស់​សហជីព ស៊ី​ខូវ​ឌូ​ផងដែរ​។IMG-20141025-WA0001_resized_1

ចំណែក​ក្រុម​សន្តិសុខ​ដែល​បង្ក្រាប​ការតវ៉ា​នោះ ក៏បាន​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៤​នាក់ និង​សន្តិសុខ​យាម​រោងចក្រ​បាន​រងរបួស​២​នាក់​ទៀតផង​។​​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា ការផ្ទុះ​អំពើហិង្សា​នោះ​មាន​ក្រុមកម្មករ​ដែល​បម្រើការ​ងារ​ក្នុង​រោងចក្រ​ជាធម្មតា​ក៏បាន​រងរបួស​ផងដែរ​។​​ក្រុម​សមត្ថកិច្ច​ក៏បាន​ទប់ស្កាត់​ចំពោះ​អំពើហិង្សា​ដែល​បង្កឡើង​ដោយ​ក្រុមកម្មករ​ជ្រុលនិយម និង​សហជីព​ខ្លះ​នៅ​ពីក្រោយ​ខ្នង មិន​ឲ្យ​រាលដាល​បន្តទៀត​នោះទេ ហើយ​ស្ថានភាព​ក៏បាន​ស្ងប់ស្ងាត់​ទៅរក​ភាពប្រក្រតី​ឡើងវិញ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់មក​នោះ​។​​IMG-20141025-WA0005_resized_1

ក្រុម​បង្ក​អសន្តិសុខ​ទាំង​១០​នាក់ ត្រូវបាន​បញ្ជូនទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ហើយ​ខាង​តុលាការ​ក៏បាន​កោះហៅ​មនុស្ស​ពាក់ព័ន្ធ​មួយចំនួនទៀត​ដើម្បី​សាកសួរ​លើ​ករណីនេះ​ផងដែរ​៕