សមាគមអ្នកអភិវឌ្ឍពូជគោប្រាម៉ាន់កម្ពុជា-អាមេរិក (CABBA) សហការជាមួយ ក្រុមហ៊ុនកអេសវីរេញ អ៉ីនវេសម៉ិន(SV Ranch Investment Cambodia)បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការបង្កាត់សិប្បនិម្មិតគោ ដល់ភ្នាក់ងារពេទ្យសត្វភូមិ និងយុវជននៅខេត្តកំពង់ធំ

0

(កំពង់ធំ)÷ លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានលើកឡើងដូច្នេះនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបង្កាត់សិប្បនិម្មិតគោ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ដើម្បីផ្តល់ជូនដល់ភ្នាក់ងារពេទ្យសត្វភូមិ និងយុវជននៅក្នុងខេត្ត ឱ្យមានការងារធ្វើប្រកបដោយភាពត្រឹមត្រូវ។ កម្មវិធីបណ្ដុះបណ្ដាលនេះក៏មានការអញ្ជើញចូលរួមពី លោក នី ផាន់ណេង នាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន អេសវីរេញ អ៉ីនវេសម៉ិន(SV Ranch Investment Cambodia) និងលោក អាន លីហ៊ាន់ នាយកប្រតិបត្តិ នៃសមាគមអ្នកអភិវឌ្ឍន៍គោប្រាម៉ាន់កម្ពុជា សហរដ្ឋអាមេរិច ភ្នាក់ងារពេទ្យសត្វភូមិ និងយុវជន។

លោក នី ផាន់ណេង នាយកគ្រប់គ្រងទូទៅ បានបញ្ជាក់ថាយោង លិខិតអនុញ្ញាតិបង្កើតកសិដ្ឋានចិញ្ចឹមគោ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ចេញដោយអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ។ កសិដ្ឋានអេសវី (SV RANCH) និងអូអឹមអេស (OMS RANHC) ជាកសិដ្ឋានក្នុងស្រុក បង្កើតឡើងដោយកូនខ្មែរ ក្នុងឆ្នាំ២០២១ ដែលមាន    កសិដ្ឋានចិញ្ចឹមគោពូជប្រាម៉ាន់នៅក្នុង ខេត្តកែប ខេត្តក្រចេះ និងមានកសិដ្ឋាននៅទីក្រុងប៉ាត់តាយ៉ា ប្រទេសថៃមួយផងដែរ។ ក្នុងទស្សនៈវិស័យ SV Ranch Investment Cambodia ជាក្រុមហ៊ុនឈានមុខគេរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍការចិញ្ចឹមគោ ផ្តល់សេវាកម្មបច្ចេកទេសដល់កសិករ ដើម្បីបំពេញតម្រូវការទីផ្សារ។ លោកបានបញ្ជាក់ពីគោលដៅសំខាន់ៗដូចជា៖ អភិវឌ្ឍ និងលើកកម្ពស់ការបង្កាត់ពូជគោប្រាម៉ាន់ទាំងបរិមាណនិងគុណភាព។ ពង្រឹងសមត្ថភាពកសិករខ្នាតតូចអោយមានជំនាញចិញ្ចឹមគោប្រាម៉ាន់តាមបែបវិទ្យាសាស្រ្តទំនើប។ អភិវឌ្ឍសហគ្រាសផលិតចំណីគោតាមស្តង់ដារអន្តរជាតិ។ អភិវឌ្ឍសហគ្រាសផលិតសាច់គោស្រស់និងបង្កកប្រកបទៅដោយអនាម័យនិងគុណភាព និងពង្រឹងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជនដើម្បីជំរុញចលនាចិញ្ចឹមពូជគោប្រាម៉ាន់នៅកម្ពុជា។

លោកគ្រូ អាន លីហ៊ាន់ នាយកប្រតិបត្តិ នៃសមាគមអ្នកអភិវឌ្ឍន៍គោប្រាម៉ាន់កម្ពុជា សហរដ្ឋអាមេរិច បានបង្ហាញពីសេវាកម្មសំខាន់ៗ គឺការបណ្តុះបណ្តាលពេទ្យសត្វសហគមន៍ក្នុងជំនាញ បង្កាត់សិប្បនិម្មិត ដើម្បីបង្កើនផលិតកម្មគោសាច់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ។ សម្របសម្រួលកសិករខ្នាតតូចឱ្យទទួលបានធនធាន និងហិរញ្ញវត្ថុពីដៃគូនានា ដើម្បីពង្រីកកសិដ្ឋានចិញ្ចឹមគោប្រាម៉ាន់។ សម្របសម្រួលកសិករខ្នាតតូចក្នុងការភ្ជាប់ទីផ្សារគោនៅកម្ពុជា និងអន្តរជាតិ។ សម្របសម្រួលផ្គត់ផ្គង់ធាតុចូលមានគុណភាពដល់កសិករខ្នាតតូច។ ជំរុញការអភិវឌ្ឍការបង្កាត់ពូជគោប្រាម៉ាន់នៅកម្ពុជា និងចងក្រងព័ត៌មានសាវតាការចុះបញ្ជីកំណើត កំណត់ត្រាសម្ដែងចេញនិងការចុះបញ្ជី។

លោក អាន លីហ៊ាន់ បានបន្តលើកឡើងថា សមាគមអ្នកអភិវឌ្ឍពូជគោប្រាម៉ាន់កម្ពុជា-អាមេរិក ជាសមាគមឈានមុខគេរបស់កម្ពុជាសម្រាប់អភិវឌ្ឍការចិញ្ចឹមគោផ្ដល់សេវាកម្មបច្ចេកទេសដល់កសិករដើម្បីបំពេញតម្រូវការទីផ្សារ។ សមាគមបានបានផ្តោតលើគុណតម្លៃ និងផ្តល់អត្ថប្រយោជន៍ដល់សមាជិកដូចជា៖ សមាជិកដែលបានចុះឈ្មោះក្នុងសមាគម ទទួលបានសិទ្ធិជាសមាជិកសមាគម ហើយទទួលបានការបណ្តុះបណ្តាល និងគាំទ្រយ៉ាងពេញទំហឹងពីសមាគមសម្រាប់ការបង្កាត់ពូជ ការចិញ្ចឹម និងទីផ្សារគោប្រាម៉ាន់។ សមាជិក ឬកសិករដែលបានចុះឈ្មោះគោដឹងច្បាស់ពីអត្តសញ្ញាណ និងសាវត្តាពូជគោ ទទួលស្គាល់ពី សមាគម។ សមាជិកត្រូវបានផ្សារភ្ជាប់ជាបណ្តាញ ប្រមូលផ្តុំអ្នកចិញ្ចឹមពូជគោប្រាម៉ាន់ ដែលជួយអោយប្រជាកសិករអាចលក់បាននូវតម្លៃល្អក្នុងទីផ្សារ។ សមាជិកទទួលបានការចូលរួមការប្រកួតប្រជែងពូជគោ ដើម្បីលើកកម្ពស់ការចិញ្ចឹម និងការខិតខំប្រឹងប្រែងរបស់កសិករក្នុងការបង្កាត់ និងចិញ្ចឹមពូជគោប្រាម៉ាន់។ សមាគមសម្របសម្រួលជាមួយក្រុមហ៊ុនឯកជន អ្នកវិនិយោគ ព្រមទាំងអង្គការសង្គមស៊ីវិលដើម្បី​ជួយដល់សមាជិក និងទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ជួយគាំទ្រដល់សមាជិកលើសេវាកម្មអភិវឌ្ឍអជីវកម្ម ដូចជាផែនការផលិត ទ្រុង ការវិភាគអាជីវកម្ម និងវិនិយោគ។

លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ បានជំរុញនិងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ សូមយកចិត្តទុកដាក់ដែលគ្រូឧទ្ទេស បានបង្រៀនមេរៀនល្អៗ និងបទពិសោធន៍ក្នុងរយៈពេលមួយថ្ងៃ ដើម្បីយកទៅអនុវត្តនិងពង្រីកជាជំនាញរបស់ខ្លួននៅក្នុងមូលដ្ឋាន។ ការសិក្សារៀនសូត្រថ្ងៃនេះ និងចុះអនុវត្តជាក់ស្ដែងនៅថ្ងៃស្អែក ដើម្បីឱ្យភ្នាក់ងារពេទ្យសត្វភូមិ និងយុវជនទាំងអស់ទទួលបាននូវជំនាញពិតប្រាកដ ដែលបានសិក្សារៀនសូត្ររយៈពេល២ថ្ងៃ។

អត្ថបទលោក ធូ កែវមុន្នី