ដោយ៖ឡុង សំបូរ
ស្ទឹងត្រែង៖ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាសមាជិកថេរសភាព្រះពុទ្ធសាសនា រួមទាំង លោក អន ធាងអាន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បាននិមន្ត ចុះជួបសំណេះសំណាលជាមួយព្រះមន្ត្រីសង្ឃនៅទូទាំងខេត្តស្ទឹងត្រែង ដើម្បីណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រង អប់រំ ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់មន្ត្រីសង្ឃក្នុងខេត្តស្ទឹងត្រែង ផងដែរ។ ពិធីសំណេះសំណាលនោះ ក៏មានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក និងព្រះចៅអធិការវត្តទូទាំងខេត្ត រួមទាំង អភិបាលរងខេត្តស្ទឹងត្រែង លោក ថោង ស្រាន់ និងថ្នាក់ដឹកនាំមន្ត្រីរាជការ គណៈកម្មការអាចារ្យវត្តចំណុះសាលាគណខេត្ត ក៏បានអញ្ជើញចូលរួមក្នុងពិធីនោះ ផងដែរ នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង។
រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក អន ធាងអាន បានមានប្រសាសន៍ ពាំនាំនូវការផ្តាំសួរសុខទុក្ខ និងថ្វាយបង្គំពី លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ប្រគេនដល់ព្រះមន្រ្តីសង្ឃគ្រប់ព្រះអង្គ និងលោកបានស្នើដល់ព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គ ត្រូវធ្វើការគ្រប់គ្រងវត្តឲ្យបានល្អ ស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃ ពិសេសការគ្រប់គ្រងព្រះសង្ឃ គណៈកម្មការក្មេងវត្តឲ្យបានច្បាស់លាស់ ជៀសវាងនូវអធិករណ៍ ឬបញ្ហាផ្សេងៗ ដែលនាំឱ្យប៉ះប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា និងសូមឲ្យព្រះសង្ឃគ្រប់អង្គ ប្រើប្រាស់បណ្តាញសង្គមនានាឲ្យបានត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា ជៀសវាងការចែករំលែក នូវសកម្មភាព ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងនយោបាយ ។ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន មានសង្ឃដិកាថា សម្រាប់ពិធីសំណេះសំណាលរបស់គណៈសង្ឃនាយក គណៈមហានិកាយ និងក្រសួងធម្មការ និងសាសនា ជាមួយព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តទូទាំងខេត្តនាពេលនេះ ក្នុងគោលបំណង ណែនាំអំពីការប្រតិបត្តិធម៌វិន័យ ការគ្រប់គ្រងអប់រំព្រះសង្ឃក្នុងវត្តអារាម ក្នុងការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមឌីជីថល និងការពង្រឹងតួនាទីភារកិច្ចរបស់ព្រះមន្ត្រីសង្ឃ ខេត្ត ក្រុង ស្រុក និងវត្ត ដើម្បីឲ្យមាននូវអភិសមាចារ គួរជាទីគោរពសក្ការៈ និងជាបុញ្ញក្ខេត្តស្រែបុណ្យរបស់ពុទ្ធបរិស័ទ ។
សម្ដេចព្រះសាក្យមុនី រ័ត្ន សារឿន ព្រះអង្គមានសង្ឃដិកាទៀតថា អ្នកបួសត្រូវរៀនធម៌វិន័យ និងប្រតិបត្តិធម៌វិន័យ ទៅតាមសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះ ទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់ៗរូប និងសូមព្រះចៅអធិការគ្រប់វត្តទាំងអស់ ធ្វើការណែនាំពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រ ដល់ភិក្ខុ សាមណេរឲ្យបានតឹងរឹងបំផុត៕