ខេត្តស្វាយរៀង: សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញចុះសាកសួរសុខទុក្ខ កសិករ និងពិនិត្យមើលរោងបន្លែ នៅសហគមន៍កសិកម្ម សាមគ្គីភូមិសូ ស្ថិតក្នុងភូមិសូ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃសៅរទី៣១ ខែសីហា ឆ្នាំ២០២៤នេះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក យ៉ាន់ សុធា ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម សាមគ្គីភូមិសូ បានរាយការណ៍ជូនសម្តេចអំពីការងាររបស់សហគមន៍ ដែលទើបតែបង្កើតឡើងបានប្រហែល ១ឆ្នាំ ដែលគ្រោងនឹងប្រើប្រាស់ផ្ទៃដីដាំដុះចំនួន ២០ហិកតា តែបច្ចុប្បន្ននេះ គឺបានប្រើប្រាស់ត្រឹមតែ ២ហិកតាទេ និងមានប្រជាកសិករកំពុងប្រកបរបរកសិកម្មនេះ មានប្រមាណ ៣០គ្រួសារ ដែលផ្តោតលើ ស្ពៃចង្កឹះ សាសាលដ៍ ស្ពៃក្រញាញ់ ម្រះ ត្រសក់ ខ្ទឹម សណ្តែកគួរ …។ល។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរដល់ លោក យ៉ាន់ សុធា ដែលបានគ្រប់គ្រងសហគមន៍ដាំដុះនេះបានយ៉ាងល្អ ហើយប្រជាកសិករបានចូលរួមយ៉ាងសកម្មក្នុងការ អនុវត្តវិធីសាស្រ្តសរីរាង្គមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សសត្វ បរិស្ថាន និងកាត់បន្ថយការចំណាយ។
សម្តេចកិត្តិសង្គហបណ្ឌិត បានសំណូមពរឲ្យប្រជាកសិករដទៃទៀត បង្កើននូវការដាំដុះនូវបន្លែសរីរាង្គបន្ថែមទៀត និងសូមប្រជាពលរដ្ឋបន្តលើកទឹកចិត្តប្រជាកសិករ និងប្រើប្រាស់បន្លែសរីរាង្គវិញ ដើម្បីចូលរួមចំណែកថែរក្សាសុខភាព៕ដោយ គឹម សេង