សមាគមអ្នកអភិវឌ្ឍពូជគោប្រាម៉ាន់កម្ពុជា-អាមេរិក (CABBA) សហការជាមួយ ក្រុមហ៊ុន អេសវីរេញ  អ៉ីនវេសម៉ិន(SV Ranch Investment Cambodia) បានដឹកនាំភ្នាក់ងារពេទ្យសត្វភូមិ និងយុវជន ចុះទៅអនុវត្តជាក់ស្ដែងនៅកសិដ្ឋានចិញ្ចឹមគោ

0

(កំពង់ធំ)÷ លោកគ្រូ អន ចំរ៉ើន  ប្រធានបច្ចេកទេសទីផ្សារតំបន់កំពង់ធំ បានដឹកនាំក្រុមភ្នាក់ងារសត្វភូមិ និងយុវជនទៅអនុវត្តជាក់ស្ដែងនូវកសិដ្ឋានចិញ្ចឹមគោ ស្ថិតនៅភូមិពោធិ៍បាក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពីវគ្គបណ្ដុះបណ្ដាលរយៈពេលមួយថ្ងៃ រៀនទ្រឹស្តីរួចទៅអនុវត្តជាក់ស្ដែងក្នុងមូលដ្ឋាន ក្នុងការបង្កាត់គោសិប្បនិម្មិតប្រាម៉ាន់ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។

 លោកគ្រូ អន ចំរ៉ើន បានបញ្ជាក់ពីគោលដៅសំខាន់ៗដូចជា៖ អភិវឌ្ឍ និងលើកកម្ពស់ការបង្កាត់ពូជគោប្រាម៉ាន់ទាំងបរិមាណនិងគុណភាព។ ពង្រឹងសមត្ថភាពកសិករខ្នាតតូចឱ្យមានជំនាញចិញ្ចឹមគោប្រាម៉ាន់តាមបែបវិទ្យាសាស្រ្តទំនើប។ អភិវឌ្ឍសហគ្រាសផលិតចំណីគោតាមស្តង់ដារអន្តរជាតិ។ អភិវឌ្ឍសហគ្រាសផលិតសាច់គោស្រស់ និងប្រកបទៅដោយអនាម័យនិងគុណភាព និងពង្រឹងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជនដើម្បីជំរុញចលនាចិញ្ចឹមពូជគោប្រាម៉ាន់នៅកម្ពុជា។

លោក តឹប ម៉េងលឹម ម្ចាស់កសិដ្ឋានចិញ្ចឹមគោប្រាម៉ាន់ស្ថិតនៅភូមិពោធិ៍ក បានលើកឡើងថា កន្លងមកគាត់ចិញ្ចឹមគោស្រែធម្មតារយៈពេល១០ឆ្នាំមកហើយ ក្នុងនោះការចិញ្ចឹមគោក្នុងស្រុកគឺទទួលបានលទ្ធផលពុំសូវមានការរីកចម្រើននោះទេ ដោយសារតម្លៃទីផ្សារកាន់តែទាប។ ដូច្នេះគាត់បានទៅសិក្សារៀនសូត្រតាមរយៈអង្គការដៃគូផ្សេងៗ ពិសេសគឺ ក្រុមហ៊ុន អេសវីរេញអ៉ីនវេសម៉ិន(SV Ranch Investment Cambodia) ដែលបានបង្រៀនពីបច្ចេកទេសក្នុងការបង្កាត់ពូជគោប្រាម៉ាន់ដល់ពួកគាត់រហូតដល់សព្វថ្ងៃនេះ។

លោកបានបន្តទៀតថា អ្វីដែលធ្វើឱ្យគ្រួសារគាត់មានជីវភាពភាពល្អប្រសើរថែមទៀតនោះ គឺដោយសារគាត់បានយកចិត្តទុកដាក់ទៅលើការចិញ្ចឹមគោបែបបច្ចេកទេសដែលជាតម្រូវទីផ្សារមានតម្លៃ គឺគោប្រាម៉ាន់នេះ ក៏មានទម្ងន់ធ្ងន់ជាងគោធម្មតា ការចិញ្ចឹមគោក្នុងស្រុកប្រើរយៈពេលដូចគ្នា ប៉ុន្តែផលចំណេញគឺចិញ្ចឹមគោសិប្បនិម្មិតប្រាម៉ាន់នេះផ្ដល់អត្ថប្រយោជន៍ជាច្រើនផងដែរ។ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋណា ដែលចង់ចិញ្ចឹមគោប្រាម៉ាន់នេះមានអត្ថប្រយោជន៍ច្រើន ព្រោះតម្រូវទីផ្សារត្រូវការសាច់ស្រស់មានគុណភាព ចំណែកឯតម្លៃវិញក៏មានតម្លៃថ្លៃ និងរកប្រាក់ចំណូលបានដោយងាយស្រួល និងចំណេញពេលវេលា។ អត្ថបទលោក ធូ កែវមុន្នី