យោធិន​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ យោធភូមិភាគ​ទី​៤​ ទស្សនា​ និង​ស្តាប់​កិច្ច​ពន្យល់​របស់​រដ្ឋ​មន្ត្រី​ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ជាន់​ខ្ពស់​ជុំវិញ​ការ​ងារ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំ​ដែន​គោក​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​

0

(កំពង់ធំ)÷ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤​ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រូបង្គោលមកពីតាមបណ្ដាកងឯកភាពចំណុះ ចូលរួមទស្សនា​ និង​ស្តាប់​កិច្ច​ពន្យល់​របស់​រដ្ឋ​មន្ត្រី​ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​ជាន់​ខ្ពស់​ជុំវិញ​ការ​ងារ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំ​ដែន​គោក​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ ដែលការពន្យល់បកស្រាយនេះធ្វើឡើងដោយឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងលោក ស្រ៊ឺ បូរ៉ា មន្ត្រីជំនាញបច្ចេកទេសជាន់ខ្ពស់កិច្ចការព្រំដែន ជុំវិញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈការដាក់បញ្ចាំងតាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ជូនយោធិនបានទស្សនា និងស្ដាប់កិច្ចពន្យល់នៅពេលនេះផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនថា កន្លងទៅនេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធបានពន្យល់ល្អិតអំពីបញ្ហាតំបន់ត្រីកោណអភិវឌ្ឍន៍ CLV _DTA និងការបោះបង្គោលព្រំដែនរវាងកម្ពុជា ឡាវ និងវៀតណាម មិនមានធ្វើឲ្យបាត់បង់ដីរបស់ប្រទេសកម្ពុជាទៅប្រទេសជិតខាងឡើយ។ តែពួកក្រុមជ្រុលនិយមមួយក្តាប់តូចនៅតែបន្តញុះញង់បំផុសបំផុល បំភ្លៃការពិតលើគ្រប់រូបភាព ក្នុងគោលបំណងប្រើប្រាស់អំពើហិង្សាមិនប្រជាធិបតេយ្យ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយប្រជាជនបានបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលុប។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា ក្រោយពីបានទស្សនា និងស្ដាប់កិច្ចពន្យល់យ៉ាងក្បោះក្បាយពី​រដ្ឋ​មន្ត្រី​ និងមន្ត្រីជំនាញជាន់ខ្ពស់ស្ដីពីកិច្ចការបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម រួចមក បានធ្វើឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បានកាន់តែយល់ច្បាស់បន្ថែមទៀត ងាយស្រួលក្នុងការទៅផ្សព្វផ្សាយពន្យល់ដល់ក្រុមគ្រួសារ និង​ប្រជាជន​នៅ​តាម​មូលដ្ឋាន​នានា​ឲ្យ​បានយល់ជ្រួតជ្រាបបន្ថែមទៀត ផងដែរ។

នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្ដេជ្ញាចិត្តដាចខាត ការពារអធិបតេយ្យភាពជាតិ បូរណភាព​ទឹកដី​ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងត្រៀមខ្លួនរួចជាស្រេចក្នុងការកំចាត់ចោលជនទាំងឡាយណា ដែលមានគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជា ដែលកំពុងមានដូចសព្វថ្ងៃនេះ ឲ្យបានជាដាច់ខាត។ អត្ថបទ វេហាស៍