កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ កម្លាំងប៉ូលីសការិយាល័យ ប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ូលីសក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក គឹម ហុងសាន ព្រះរាជអជ្ញារង អមសាលាដំបូង ខេត្តកំពង់ឆ្នាំង បានធ្វើការឡោមព័ទ្ធ និងឆែកឆេរលំនៅស្ថានមួយកន្លែង នៅក្នុងភូមិផ្សារលើ
សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយឃាត់ខ្លួនមនុស្ស ចំនួន៤នាក់ ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន និងនៅស្រុកបរិបូរណ៌ និង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យទាំង៧នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ទី១ឈ្មោះ រុំ សារ៉ាន់ ភេទប្រុស អាយុ៣២ឆ្នាំ ទី២ឈ្មោះ ទីវ តារាវិត ភេទប្រុស អាយុ៣២ឆ្នាំ ទី៣ឈ្មោះ ខាត់ សុភត្រា ភេទប្រុស អាយុ២១ឆ្នាំ និង ទី៤ឈ្មោះ ហៀង សេងហួ ភេទប្រុស អាយុ២០ឆ្នាំ ពួកគេទាំង៤នាក់ មានទីលំនៅក្នុងភូមិផ្សារ សង្កាត់ ផ្សារឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង ។
ទី៥ឈ្មោះ ហ៊ីម រី ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅ ខេត្តកំពង់ចាម ទី៦ឈ្មោះ ដួង សុធា ហៅ សំរិត សុធា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិវាលស្បូវ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមេខ្លោងចែកចាយ និងជួញដូរគ្រឿងញៀន ដ៏សកម្មបំផុត ក្នុងខេត្តកំពង់ឆ្នាំង និងទី៧ឈ្មោះ ញាស់ សុខជា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅឃុំមេលំ ស្រុកបរិបូរណ៌ ហើយពួកគេជាមុខសញ្ញា ដែលសមត្ថកិច្ចតាមដានជាយូរថ្ងៃមកហើយ ។
សមត្ថកិច្ចឃាត់បានវត្ថុតាង មានកាំភ្លើងខ្លី K59 ១ដើម គ្រាប់៧គ្រាប់ បង់១ ម៉ូតូ២គ្រឿង ថ្នាំញៀន រួមនិងសំភារៈមួយចំនួនទៀត ។ បច្ចុប្បន្នជនសង្ស័យទាំង៧នាក់នេះ កំពុងសាកសួយកចម្លើយ នៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការបន្តទៅតាមនិតិវិធី ៕