បាត់ដំបង បុរសម្នាក់បានខ្យល់គរ ដួលផ្កាប់មុខចូលក្នុងទឹក បណ្តាលឲ្យឈ្លក់ទឹកស្លាប់ ពេលទៅបង់ត្រីក្រោយផ្ទះចម្ងាយជាង១០០ម៉ែត្រ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោងជាង១រសៀល នៅចំណុចក្រុមទី៥៨ស្ថិតក្នុងភូមិជ្រៃ២ ឃុំជ្រៃស្រុកមោងឬស្សី ។ លោក សោម រ៉ាវុធ មន្ត្រី
អាវុធហត្ថ ស្រុកមោងឬស្សី បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កែវ ថន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរធ្វើស្រែ មានប្រពន្ធនិងកូន៣នាក់ ។ ប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ក្រោយពេលបាយថ្ងៃត្រង់រួច ប្តីគាត់បានលីសំណាញ់ ចេញទៅបង់ត្រី នៅត្រពាំងខាងក្រោយផ្ទះ ចម្ងាយប្រហែលជាង១០០ម៉ែត្រ ដើម្បីយកមកធ្វើម្ហូបពេលល្ងាច ។
លុះម៉ោងជាង១រសៀល ស្រាប់តែមានអ្នកស្រុក រត់មកប្រាប់គាត់ថា ប្តីរបស់មីងឯងខ្យល់គរ ដួលផ្កាប់មុខចូលក្នុងទឹក បណ្តាលឲ្យលង់ស្លាប់ ដោយគ្មានអ្នកណាឃើញ និងជួយទាន់ពេល ។ ក្រោយពេលយកសពមកដល់ផ្ទះ ក៍រាយការណ៍ប្រាប់សមត្ថកិច្ច ស្រុកមោងឬស្សី ដើម្បីធ្វើកោសល្យវិច័យលើសាកសព ។
បន្ទាប់ពីពិនិត្យសពរួច ប៉ូលិសបានសន្និដ្ឋានថា សាកសពពិតជាស្លាប់ ដោយសារខ្យល់គរដួលប្រកាច់ ចូលទឹកឈ្លក់ស្លាប់ ។ សាកសពត្រូវប៉ូលិស ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕