ដោយ៖ឡុង សំបូរ
ខេត្តក្រចេះ៖ អត្រាឆ្លង និងចម្លងពីមេរោគអេដស៍ បាននិងកំពុងផ្ទុះឡើងគួរឱ្យកត់សម្គាល់ ទៅលើក្រុមបុរស់ស្រឡាញ់បុរសដូចគ្នា ,អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តក្រចេះ លោកស្រី ខាំ សុភាព បានជំរុញគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេសដ៍ រួមទាំងអង្គការដៃគូគាំទ្រ ឱ្យបន្តពង្រឹង និងពង្រីកការចុះផ្សព្វផ្សាយ ណែនាំ នៅតាមមូលដ្ឋាន ដែលជាគោលដៅឱ្យបានជាប់ជាប្រចាំ។
ការជំរុញរបស់ អភិបាលរងខេត្តក្រចេះ លោកស្រី ខាំ សុភាព បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តរបស់គណៈ កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។
មន្រ្តីសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ថា យោងតាមលទ្ធផល នៃការចុះស្រាវជ្រាវ អេដស៍សកម្មលើសេវាកំសាន្តក្នុងទីរួមខេត្ត បានធ្វើតេស្តរកមេរោគអេដស៍ ៥៥នាក់ មានប្រតិកម្ម ២នាក់ និងជំងឺស្វាយ ២នាក់ ,ស្រុកស្នួលធ្វើតេស្ត ៣៨នាក់ រកឃើញស្វាយ ៧នាក់ ,ស្រុកឆ្លូងធ្វើតេស្ត ៤២នាក់ មានប្រតិកម្ម ៣នាក់ និងជំងឺស្វាយ ៣នាក់។ ដោយឡែក ស្ត្រីបំរើសេវាកំសាន្ត ១៧៥នាក់ បានធ្វើតេស្តរកមេរោគអេដស៍ និងជំងឺស្វាយ ១៣៥នាក់ មានវិជ្ជមានអេដស៍ ៥នាក់ និងស្វាយ ១២នាក់ ។
មន្ត្រីសុខាភិបាលខេត្តក្រចេះ បានបន្តឱ្យដឹងទៀតថា អ្នកជំងឺអេដស៍សកម្មកំពុងបន្តការព្យាបាល មានចំនួន ៦៤៦នាក់ បើធៀបនឹងឆ្នាំ២០២៣ មានត្រឹមតែ ៦១៦នាក់ ចំណែកអ្នកជំងឺថ្មីស្លាប់និងបោះបង់ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ មានចំនួន ២៦ភាគរយ ក្នុងនោះអ្នកជំងឺស្លាប់ ៦ភាគរយ និងអ្នកជំងឺបោះបង់ ១៣ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៣ អ្នកជំងឺថ្មី ១២ភាគរយ អ្នកស្លាប់ ៧ភាគរយ និងអ្នកបោះបង់ ៨ ភាគរយ ។
មន្ត្រីដដែលបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះមានការលេចឡើង នូវឥរិយាបទប្រឈមថ្មីៗ ដូចជា៖ ការប្រើប្រាស់បណ្តាញសង្គម (Social Media) ដើម្បីស្វែងរកដៃគូរួមភេទ ក្រុមអ្នកប្រើប្រាស់គ្រឿងញៀននៅពេលរួមភេទ ដែលមិនបានបង្ការពីការឆ្លងមេរោគអេដស៍ ។
អភិបាលរងខេត្តក្រចេះ លោកស្រី ខាំ សុភាព បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការដៃគូរគាំទ្រ បាននិងកំពុងដុតដៃជើង ក្នុងការផ្តល់កញ្ចប់ថវិកា គាំទ្រដល់ដំណើរការចុះផ្សព្វផ្សាយ អប់រំ ណែនាំ ទៅដល់ថ្នាក់ក្រោមជាតិ និងទៅដល់មូលដ្ឋាន ដើម្បីជំរុញលើកទឹកចិត្តដល់អ្នកឆ្លងជំងឺ ឲ្យមកចូលរួមសហការទទួលឱសថសម្រាប់ព្យាបាល ដើម្បីឈានឆ្ពោះទៅផែនការជាតិ បញ្ចប់ជំងឺអេដស៍នៅឆ្នាំខាងមុខ ។
លោកស្រីអភិបាលរងខេត្តក្រចេះ បានជំរុញគណ:កម្មាធិការប្រយុទ្ធនឹងជំងឺអេសដ៍ រួមទាំងអង្គការដៃគូគាំទ្រនានា ឱ្យបន្តពង្រឹង និងពង្រីកការចុះផ្សព្វផ្សាយ ណែនាំ នៅតាមទីតាំងមូលដ្ឋាន គោលដៅ ឲ្យបានជាប់ជាប្រចាំ និងលោកស្រី បានស្នើដល់បងប្អូនដែលឆ្លង និងកើតជំងឺអេដស៍ និងជំងឺស្វាយទាំងអស់នេះ សូមមកពិគ្រោះទទួលសេវាឲ្យបានជាប់ជាប្រចាំ ចៀសវាងការបោះបង់ ប្រសិនបើមានករណីបោះបង់ខ្ពស់ នោះអត្រានៃការស្លាប់នឹងមានការកើនឡើង។ ដូច្នេះ អាជ្ញាធរក្រុង ស្រុក សូមពិនិត្យ និងសម្របសម្រួលដល់បងប្អូនអ្នកជំងឺ ដែលខ្វះខាត និងពុំមានលទ្ធភាព ក្នុងការមកទទួលសេវាព្យាបាល និងជាការបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ផងដែរ៕