លោកជំទាវ  លំ គន្ធារី និងសហការី បានចុះសួរសុខទុក្ខដល់សិស្ស និស្សិតចំនួន៩នាក់ ដែលរងគ្រោះដោយអគ្គីសនីឆេះ (មជ្ឈមណ្ឌលសហគមន៍ភូមិអាស៊ី)

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែន សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ធំ ដឹកនាំដោយលោកជំទាវ លំ គន្ធារី  អភិបាលរងខេត្ត និងជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ព្រមទាំងសហការី បានចុះសួរសុខទុក្ខដល់សិស្ស និស្សិតចំនួន៩នាក់ ដែលរងគ្រោះដោយអគ្គីសនីឆេះ (មជ្ឈមណ្ឌលសហគមន៍ភូមិអាស៊ី) កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១.៣០នាទីយប់ នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

តាមការបញ្ជាក់របស់ប្អូនស្រី ផេង ស្រីម៉ៅ អាយុ១៧ឆ្នាំ ជាប្រធានក្រុម មកពីភូមិទុំពេជ្រ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ រស់នៅកន្លែងកើតហេតុ(រយះពេល៨ឆ្នាំ )។ ហើយកុមារតូចៗ និងកុមារវ័យជំទង់ ដែលមកពីតាមបណ្ដាស្រុកមួយចំនួន បានមកស្នាក់នៅរៀនសូត្រនៅទីនេះមានចំនួន២៦នាក់ ក្រោមការជួយឧបត្ថម្ភរបស់សប្បុរសជនមកពីប្រទេសជប៉ុន ដោយមានរៀបចំជាសារមន្ទីរ ជាកន្លែងស្នាក់នៅ កន្លែងសម្រាប់សម្ដែងសិល្បៈបុរាណ  ជាទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងរក្សាប្រពៃណីវប្បធម៌ខ្មែរឲ្យនៅគង់វង្ស ។ ក្នុងពេលអគ្គិភ័យឆាបឆេះនេះបានបណ្ដាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរក្រៅពីអគារសារមន្ទីរ  និងអគារស្នាក់នៅបានឆាបឆេះ មធ្យោបាយធ្វើដំណើរសម្រាប់ទិញម្ហូបអាហារប្រចាំថ្ងៃចំនួន២គ្រឿង កុំព្យូទ័រចំនួន២គ្រឿង និងស្រូវ ដែលបានទិញស្តុកទុកសម្រាប់ជាស្បៀងអាហារនៅពេលខាងមុខ។

លោកជំទាវ លំ គន្ធារី បានថ្លែងនូវការសោកស្ដាយចំពោះការខូចខាតបាត់បង់សារមន្ទីរ រួមទាំងសម្ភារៈធ្លាប់បានប្រើប្រាស់ពីសម័យដើម ដែលបានយកមកតម្កល់ទុកនៅទីនេះ ទុកជាកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់។ ការខូចខាតផ្ទះស្នាក់នៅ ស្បៀងអាហារបម្រុងទុក ព្រមទាំងសម្ភារៈសំលៀកបំពាក់មួយចំនួនរបស់ក្មួយៗ ដែលបានស្នាក់នៅទីនេះ។

សូមបញ្ជាក់ផងដែរថា អំណោយសម្ភារៈ និងថវិកាត្រូវប្រគល់ជូនដល់សិស្ស និស្សិតចំនួន៩នាក់រួមមាន÷ សាខាកាកបាទក្រហមកម្ពុជាខេត្ត មាន៖ កាបូបស្ពាយ ចំនួន៩ និងថវិកា១,៥០០,០០០រៀល។ អនុសាខាកាកបាទក្រហមកម្ពុជាក្រុងមាន៖ អង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកត្រី១យូរ ទឹកស៊ីអ៊ីវ១យួរ តង់១ សម្ភារប្រើប្រាស់មួយចំនួនទៀត និងថវិកា៣០០,០០០រៀល។ រដ្ឋបាលសង្កាត់អាចារ្យលាក់ ថវិកាសេវាសង្គមចំនួន ១០០,០០០រៀលផងដែរ។ វេហាស៍