ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

0

(កំពង់ធំ)៖ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ ផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ដោយមានវត្តមានចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណជិត ៣០០នាក់។

ថ្លែងក្នុងពិធី ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នួនផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា ក្រោមការដឹកនាំ ដ៏ថ្លៃថ្លា របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានអនុវត្តន៍យ៉ាងម៉ឺងមាត់ នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានលក្ខណ:ល្អ ស្របតាមយុទ្ធសាស្ត្របច្ចុកោណតំណាក់កាលទី១ អាណតិ្តទី៧ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ សុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ងាយរងហានិភ័យហើយចាត់ទុកជាផ្នែកប្រវត្តិសាស្ត្រមួយ សម្រាប់ការវិវឌ្ឍន៍នៃប្រព័ន្ធសុខមាលភាពសង្គមផងដែរ។

ឯកឧត្តម បន្តទៀតថា កន្លងមកនេះ របបសន្តិសុខសង្គមត្រូវបានអនុវត្តន៏ ចំពោះមន្ត្រីរាជការសាធារណៈគ្រប់ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការទទួលបានរបបសន្តិសុខសង្គម ទាំងប្រាក់សោធន ការថែទាំសុខភាព ហានិភ័យការងារ និងអនិច្ចកម្មការងារ ពិតជាចូលរួមចំនែកយ៉ាងសំខាន់ ក្នុងការសម្រាលបន្ទុកចំណាយ ពេលមានជំងឺ ពេលអនិច្ចកម្មការងារ ឬហានិភ័យណាមួយកើតឡើង របស់មន្រ្តីរាជការ និងប្រជាពលរដ្ឋសារធាណៈ។

ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដោយក្នុងនោះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវទទួលបានអត្ថប្រយោជន៍ កម្រិតទី១ ដែលរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដែលមានជម្រើសទៅព្យាបាល នៅមូលដ្ឋានសុខាភិបាលនានាជាដៃគូ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ, បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់វិភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូន, និងប្រាក់វិភាជន៍បូជាសព នៅពេលពួកគាត់ទទួលមរណភាព។

ឯកឧត្តម បន្តថា ចំពោះការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចចុះឈ្មោះ និងទទួលបានការបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនានា ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ២៨ម៉ឺនរៀល។

ដោយឡែក យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិកក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា តាមរយៈការផ្លាស់ប្តូរជំនាញ ការបង្កើនជំនាញ ឬបង្កើនផលិតភាពពេញមួយជីវិត រួមទាំងនិយោជក ម្ចាស់សហគ្រាសដែលមានបំណងបង្កើនប្រសិទ្ធិភាព ផលិតភាពការងារនិងភាពប្រកួតប្រជែងខ្ពស់ ឬចំណេះដឹងផ្នែកសហគ្រិនភាពនិងផ្នែកផ្សេងៗប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងការប្រកួតប្រជែង៕ អត្ថបទ ថុង ពលរិទ្ធី រូបភាព ប៊ុនហ័រ-ពីនិត្យដោយអ៊ុមញឹប