កំពង់ចាម: ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បេីកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ និងដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវត្តខេមវ័នបឹងស្នាយ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ។
ក្នុងអង្គវេទិកានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំការឆ្លើយតបចំពោះ សំណើរ សំណូមពរ និងកង្វល់ ចំនួន៨ ដែលបងប្អូនប្រជាពលរដ្ឋបាន លើកឡើង រួមមាន បញ្ហាស្ថាបនាប្រពន្ធលូ ដែលប៉ះពាល់ដល់ផ្លូវធ្វើដំណើរ បញ្ហាកកស្ទះចរាចរណ៍នៅគល់ស្ពានគីហ្សូណា បញ្ហាសេវកសេវាកម្មទឹកស្អាត បញ្ហាទឹកលិចក្រោមផ្ទះ សុំកសាងប្រព័ន្ធលូរំដោះទឹក ។ ល។ ដែល ត្រូវបានដោះស្រាយនៅនឹងកន្លែងតែម្ដង។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្កែងថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំមកនេះ គឺបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ និងបានដាក់ចេញនូវគោលនយោបាយអទិភាពទាំង ៩ ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជាការលើកគុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងនៃការដាក់ចេញនូវគោលនយោបាយនោះ គឺត្រូវការមតិយោបល់ព និងការវាយតម្លៃ ពីសំណាក់បងប្អូនប្រជាពលរដ្ឋត្រឡប់មកវិញ ចង់ដឹងថាតើ លទ្ធផលដែលបងប្អូនប្រជាពលរដ្ឋទទួលបានពីគោលនយោបាយនោះកម្រិតណា។ ដូច្នេះដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបាន គឺត្រូវជួបជុំគ្នាដើម្បីធ្វើវេទិកាសាធារណៈ ។
ជាមួយគ្នានេះ ចំពោះការអនុវត្តការងាររដ្ឋបាល របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ផ្ដោតសំខាន់ទៅលើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពាក់ព័ន្ធទៅនឹងការផ្ដល់សេវា ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ ជាពិសេសផ្ដោតទៅលើការងារ ដែលបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ៕